ភ្នំពេញ៖ អនុប្រធានទី១ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានបញ្ជាក់ចំពោះមុខ ឯកឧត្តម វ៉ង ឈិន (Wang Chen) អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រជាជនចិន នៃសាធារណរដ្ឋប្រជាមានិតចិន រដ្ឋសភាកម្ពុជានូវប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ នូវគោលការណ៍ចិនតែមួយ និងគោល ខណៈគោលការណ៍ត្រូវបានកម្ពុជាធ្វើការគាំទ្រតាំងពីដើមរហូតរៀងមកហើយនោះ។
នៅក្នុងកិច្ចជំនួបតាមរយៈប្រព័ន្ធសិប្បនិម្មិត នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២នេះ ឯកឧត្តម ជាម យៀប បានលើកឡើងអំពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវ “គោលការណ៍ចិន តែមួយ” និង “ គោលនយោបាយចិនតែមួយ។ រដ្ឋាភិបាល និងប្រជាជននៃប្រទេសទំាងពីរ តែងតែរួមសុខរួមទុក្ខជាមួយគ្នា ក្នុងគ្រាដ៏សែនលំបាក នៃការរីករាលដាលជំងឺកូវីដ-១៩ ដែលមហាមិត្តចិនបានផ្តល់ជំនួយវ៉ាក់សាំងប្រឆាំងនឹងវីរុសកូវីដ-១៩ ចំនួន ៤២លានដូស ដល់កម្ពុជា ហើយបានក្លាយជាប្រទេសដែលផ្គត់ផ្គង់វ៉ាក់សាំងដ៏សំខាន់បំផុត និងមានសុវត្ថិភាពបំផុតនៅកម្ពុជានោះ។
នៅក្នុងកិច្ចប្រជុំនោះដែរឯកឧត្តម ជាម យៀប ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ បក្សកម្មុយនីស្តចិន និងប្រជាជនចិន ដែលបានយកចិត្តទុកដាក់ថែទាំព្រះរាជសុខភាព ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងតែងតែជួយឧបត្ថម្ភគាំទ្រដល់ប្រជាជនកម្ពុជា តាំងពីអតីតកាល រហូតដល់បច្ចុប្បន្ននេះផងដែរ។
ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ ឯកឧត្តម វ៉ង ឈិន ក៏បានបានមានប្រសាសន៍លើកឡើងពីចំណងមិត្តភាពដ៏ល្អប្រពៃដែលត្រូវបានកសាងឡើង តាំងពីថ្នាក់ដឹកនាំជំនាន់មុន និងបន្តពង្រឹងរហូតមកដល់ថ្នាក់ដឹកនាំបច្ចុប្បន្ន នៃប្រទេសទាំងពីរកម្ពុជា-ចិន និងថាភាគីទាំងពីរអាចជំរុញការអនុវត្តផែនការខ្សែក្រវ៉ាត់ និងផ្លូវ ការធ្វើទំនើបកម្ម សេដ្ឋកិច្ចឌីជីថល ការផ្តល់វ៉ាក់សាំង ហើយចិននឹងផ្ដល់បទពិសោធន៍ក្នុងការផលិតវ៉ាក់សាំងដល់ភាគីកម្ពុជា។
ឯកឧត្តម អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនចិន នៃសាធារណរដ្ឋប្រជាមានិតចិន បានលើកឡើងដែរថា ប្រទេសទាំងពីរកម្ពុជា-ចិន ពិតជាសហគមន៍ដែលមានជោគវាសនារួម។
ឯកឧត្តម ក៏បានបង្ហាញនូវការពេញចិត្តចំពោះកម្ពុជា ដែលបានប្រកាន់ជំហរមុតមាំ គាំទ្រប្រទេសចិន នៅក្នុងការរក្សាបូរណភាពដែនដីរបស់ខ្លួនផងដែរ។
ឯកឧត្តម វ៉ង ឈិន បានមានប្រសាសន៍ទៀតថា កម្ពុជាបានបើកចំហរកាន់តែទូលំទូលាយក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ការផ្លាស់ប្តូរបទពិសោធន៍ ដើម្បីសម្រេចបានទំនើបកម្ម ផលិតកម្មនៃប្រទេសរបស់ខ្លួន ស្របតាមចក្ខុវិស័យរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការនាំកម្ពុជាអោយឆ្ពោះទៅជាប្រទេសចំណូលមធ្យមឆ្នាំ២០៣០ និងចំណូលខ្ពស់ឆ្នាំ២០៥០៕អត្ថបទ៖ បាន ចក់