ប៉ាគីស្ថាន៖ ទីក្រុងអ៊ីស្លាម៉ាបាដប្រកាសរដ្ឋក្នុងគ្រាអាសន្ន បន្ទាប់ពីការបំផ្លាញដោយទឹកជំនន់។ នាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក Shahbaz Sharif បានស្នើសុំជំនួយអន្តរជាតិកាលពីថ្ងៃសុក្រ ដើម្បីស្តារឡើងវិញការខូចខាតដោយទឹកជំនន់យ៉ាងធ្ងន់ធ្ងរនៅក្នុងប្រទេសអ៊ីស្លាមក្រីក្រមួយនេះ ខណៈក្រុមអ្នកជួយសង្គ្រោះបានព្យាយាមជម្លៀសពលរដ្ឋរាប់ពាន់នាក់ ដែលជាប់គាំងចេញពីតំបន់រងគ្រោះដោយទឹកជំនន់។

ការអំពាវនាវរបស់លោក Sharif នៅលើបណ្តាញសង្គម Twitter បានធ្វើឡើងនៅពេលដែលភ្លៀងធ្លាក់ខ្លាំងបានបន្តវាយប្រហារប្រទេសប៉ាគីស្ថាន ហើយចំនួនអ្នកស្លាប់បានកើនឡើងដល់ ៩៣៧នាក់ចាប់តាំងពីពាក់កណ្តាលខែមិថុនា។ វិបត្តិនេះបានបង្ខំឱ្យរដ្ឋាភិបាលប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន។ សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលបានដកស្រង់សម្តីលោក Sharif ដែលបាននិយាយថា កុមារ ៣០០នាក់ស្ថិតក្នុងចំណោមអ្នកស្លាប់។ លោក Sharif បានចុះពិនិត្យតំបន់រងគ្រោះដោយទឹកជំនន់ក្នុងខេត្ត Sindh កាលពីថ្ងៃសុក្រ ដោយធានាដល់ជនរងគ្រោះដោយទឹកជំនន់នូវការគាំទ្ររបស់រដ្ឋាភិបាល។ ទាហានប៉ាគីស្ថានប្រមាណ ៦,៥០០នាក់បានចូលរួមក្នុងប្រតិបត្តិការស្វែងរក និងជួយ សង្គ្រោះ ហើយរហូតមកដល់ពេលនេះបានជម្លៀសពលរដ្ឋជាង ៤០,០០០នាក់។

លោកនាយករដ្ឋមន្ត្រីបាននិយាយថា ទំហំនៃការបំផ្លាញដែលបណ្តាលមកពីភ្លៀង និងទឹកជំនន់នៅពេលនេះគឺធ្ងន់ធ្ងរជាងកាលពីឆ្នាំ2010 ដែលទឹកជំនន់បណ្តាលឲ្យមនុស្ស ១,៧០០នាក់ស្លាប់។ យោងតាមអាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឱ្យដឹងថា ទឹកជំនន់បានបណ្តាលឱ្យខូចខាតលំនៅឋានចំនួន ១៧០,០០០ខ្នង បំផ្លាញផ្លូវថ្នល់ និងបំផ្លាញស្ពានជិត ១៥០កន្លែង។ ទោះបីជាទឹកជំនន់បានស្រកចុះនៅតំបន់មួយចំនួនក៏ដោយ ស្ថានភាពកាន់តែធ្ងន់ធ្ងរទៅៗនៅក្នុងខេត្ត Sindh ដែលក្រុមអ្នកជួយសង្គ្រោះកំពុងប្រើប្រាស់ទូកដើម្បីជម្លៀសប្រជាជន។ ប្រជាជនដែលរងគ្រោះដោយទឹកជំនន់រាប់ពាន់នាក់កំពុងរស់នៅក្នុងផ្ទះ និងតង់ចល័ត។ ភ្លៀងមូសុងនៅប្រទេសប៉ាគីស្ថានជាធម្មតាចាប់ផ្តើមនៅខែកក្កដា ប៉ុន្តែឆ្នាំនេះភ្លៀងធ្លាក់ខ្លាំងបានចាប់ផ្តើមក្នុងខែមិថុនាដែលបានបង្កជាទឹកជំនន់៕
អត្ថបទ៖ ប៊ុនថន