ភ្នំពេញ៖ តាមការគ្រោងទុកនៅខែកញ្ញាខាងមុខនេះ សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យសំបូរ នឹងធ្វើការនាំចេញគ្រាប់ស្វាយចន្ទីរចំនួនប្រមាណ ៩ពាន់គីឡូក្រាម (៩តោន) ទៅកាន់ទីផ្សារប្រទេសជប៉ុន បន្ទាប់ពីអាក់ខាននាំចេញមួយរយៈ ដោយសាររង់ចាំវិញ្ញាបនបត្របញ្ជាក់គុណភាព។
ក្នុងកិច្ចសម្ភាសន៍តាមទូរស័ព្ទដៃ លោកស្រី អ៊ិន ឡៃហ៊ួត ម្ចាស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យសំបូរ ស្ថិតនៅខេត្តកំពង់ធំ បានឲ្យទូរទស្សន៍ព័ត៌មាន ប៊ីធីវី ដឹងថា ក្រោមកិច្ចសហការជាមួយក្រុមហ៊ុនជប៉ុន Top Planning Japan (TPJ) សិប្បកម្មកែលោកស្រី បានចាប់ផ្តើមនាំចេញស្វាយចន្ទីទៅទីផ្សារជប៉ុនជាលើកដំបូងកាលពីឆ្នាំ២០២១ ដោយគិតត្រឹមខែមីនាកន្លងទៅ សិប្បកម្មបាននាំចេញគ្រាប់ស្វាយចន្ទីទៅទីផ្សារជប៉ុនសរុបជាង ៤៥តោន។ ប៉ុន្តែក្រោយមក ដោយសារភាគីជប៉ុន តម្រូវឱ្យមានវិញ្ញាបនបត្របញ្ជាក់គុណភាព និងការវេចខ្ចប់តាមលក្ខណៈស្តង់ដា ដែលភាគីជប៉ុនចង់បាន ទើបធ្វើឲ្យខកខានមួយរយៈពេល។
លោកស្រី លើកឡើងបន្តថា បច្ចុប្បន្នក្រុមការងារកំពុងមមាញឹកក្នុងការវេចខ្ចប់ទំនិញ ដើម្បីត្រៀមនាំចេញទៅជប៉ុន បន្ទាប់ពីទទួលបានវិញ្ញាបនបត្រត្រួតពិនិត្យគុណភាពយ៉ាងត្រឹមត្រូវពីក្រសួង ស្ថាបនពាក់ព័ន្ធ។
ទោះបីជាការនាំចេញគ្រាប់ស្វាយចន្ទី នឹងត្រូវចាប់ផ្តើមពីខែក្រោយនេះទៅ លោកស្រីបានបង្ហាញការព្រួយបារម្ភចំពោះតម្លៃទាប ដោយសារប្រទេសជិតខាងបន្ទាបតម្លៃ ធ្វើឲ្យជួបការលំបាកក្នុងការលក់ចេញ និងមួយវិញទៀត អាកាសធាតុឆ្នាំនេះក៏មិនសូវអំណោយផល ដែលធ្វើឲ្យគ្រាប់ស្វាយចន្ទីរលូតលាស់មិនបានផលល្អ។
ជាមួយគ្នានេះ លោកស្រីបានទទូចស្នើសុំរដ្ឋាភិបាលជួយបើកចំហរទីផ្សារផលិតសម្រេចឲ្យមានស្ថេរភាពសម្រាប់ការផលិតរបស់សិប្បកម្មតូចៗ ឲ្យមានទីផ្សារសមរម្យ ដើម្បីជាការលើកទឹកចិត្តដល់ប្រជាកសិករដែលខិតខំដាំដុះ។
យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា គិតក្នុងរយៈពេល ៧ខែ ឆ្នាំ២០២២ ការនាំចេញរបស់កម្ពុជា ក្រៅពីស្រូវ និងអង្ករ មានដូចជា ចេកស្រស់ ដំឡូងមី គ្រាប់ស្វាយចន្ទីរ គ្រាប់ពោត ផ្លែស្វាយស្រស់ជាដើម មានចំនួន ៣,៩លានតោន គិតជាទឹកប្រាក់សរុបចំនួនប្រមាណជាង ១ ៧០០លានដុល្លារ។
បច្ចុប្បន្ន ក្រសួងកសិកម្ម បាននិងកំពុងខិតខំលើកកម្ពស់ផលិតផលប្រកបដោយគុណភាព និងសុវត្ថិភាពខ្ពស់ ស្របតាមតម្រូវការរបស់ប្រទេសនាំចូល និងចរចាអំពីតម្រូវការអនាម័យបន្ថែមទៀត សម្រាប់ការនាំចេញកសិផលកសិកម្មរបស់កម្ពុជា ទៅកាន់ទីផ្សារបរទេស៕
អត្ថបទ៖ ឈិត បូរ៉ាវី






