រុស្ស៊ី៖ សម្ព័ន្ធមិត្តម្នាក់របស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បាននិយាយកាលពីថ្ងៃសុក្រថា ទីក្រុងមូស្គូនឹងមិនបញ្ឈប់យុទ្ធនាការយោធារបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែននោះទេ ទោះបីជាទីក្រុង Kyiv បោះបង់បំណងជាផ្លូវការរបស់ខ្លួនដើម្បីចូលជាសមាជិកអង្គការណាតូក៏ដោយ។

អតីតប្រធានាធិបតីលោក Dmitry Medvedev ដែលបច្ចុប្បន្នជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរបស់រុស្ស៊ី បាននិយាយនៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍បារាំងថា រុស្ស៊ីបានត្រៀមខ្លួនដើម្បីជួបចរចាជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ក្រោមលក្ខខណ្ឌមួយចំនួន។ សូម្បីតែមុនការវាយលុកកាលខែកុម្ភៈ ទីក្រុងមូស្គូបានបញ្ជាក់យ៉ាងច្បាស់ថា ការចូលជាសមាជិកអង្គការណាតូរបស់អ៊ុយក្រែន មិនអាចទទួលយកបានឡើយ។ លោក Medvedev បានថ្លែងប្រាប់ទូរទស្សន៍ LCI នៅក្នុងសម្រង់សម្តីដែលរាយការណ៍ដោយទីភ្នាក់ងារព័ត៌មានរុស្ស៊ីថា ប្រទេសរុស្ស៊ីនឹងបន្តយុទ្ធនាការនេះរហូតដល់សម្រេចបានគោលដៅរបស់ខ្លួន។
រុស្ស៊ី និងអ៊ុយក្រែនបានបើកការចរចាជាច្រើនជុំបន្ទាប់ពីការវាយលុកចាប់ផ្តើម ប៉ុន្តែពុំមានការរីកចម្រើននោះទេ ហើយមានការរំពឹងទុកតិចតួចសម្រាប់ការចាប់ផ្តើមជាថ្មី។ លោក Medvedev និយាយថា ការចរចានឹងអាស្រ័យលើរបៀបដែលព្រឹត្តិការណ៍កើតឡើង។ យើងបានត្រៀមខ្លួនជាស្រេចមុនពេលជួបលោក Zelenskiy។ នៅក្នុងការអត្ថាធិប្បាយ លោក Medvedev និយាយថា សព្វាវុធរបស់សហរដ្ឋអាមេរិកដែលបានផ្គត់ផ្គង់ដល់អ៊ុយក្រែនរួចហើយ ដូចជាប្រព័ន្ធអាវុធ HIMARS នៅមិនទាន់បង្កការគំរាមខ្លាំងនៅឡើយ។ ប៉ុន្តែលោកបាននិយាយថា វាអាចនឹងផ្លាស់ប្តូរ ប្រសិនបើអាវុធដែលបញ្ជូនដោយសហរដ្ឋអាមេរិក អាចវាយប្រហារគោលដៅនៅចម្ងាយឆ្ងាយ។ វាមានន័យថា នៅពេលដែលមីស៊ីលប្រភេទនេះបាញ់បានចម្ងាយ ៧០គីឡូម៉ែត្រនោះគឺជារឿងមួយ ប៉ុន្តែនៅពេលដែលវាបាញ់ដល់ចម្ងាយ ៣០០គីឡូម៉ែត្រ ឬ ៤០០គីឡូម៉ែត្រនោះគឺជារឿងមួយទៀត ដែលវានឹងក្លាយជាការគំរាមដោយផ្ទាល់ដល់ទឹកដីសហព័ន្ធរុស្ស៊ី៕
អត្ថបទ៖ ប៊ុនថន