ភ្នំពេញ ៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានថ្លែងទៅកាន់មហាសន្និបាតអន្តរសភាអាស៊ាន អាយប៉ា លើកទី៤១ ដោយសម្តេចជំរុញឲ្យប្រមុខដឹកនាំសភា អាយប៉ា ទាំងអស់ មានស្មារតីសាមគ្គីភាពជាមូលដ្ឋានដើម្បីប្រយុទ្ធប្រឆាំងទាំងអស់គ្នានឹងជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតជាសកល។
ថ្លែងក្នុងមហាសន្និបាតអន្តរសភាអាស៊ាន អាយប៉ា លើកទី៤១ តាមប្រព័ន្ធវីដេអូ Conference ស្តីពី ការទូតសភា ដើម្បីសម្រេចបានសហគមន៍អាស៊ាន ប្រកបដោយភាពស្អិតរមួត និងឆ្លើយតប ដែលមានការចូលរួមពីបណ្តាប្រទេសជាង ២០ ប្រទេស នៅថ្ងៃទី៨ ខែកញ្ញានេះ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានមានប្រសាសន៍ថា មហាសន្និបាតលើកទី៤១ នៅថ្ងៃនេះ ពិតជាសមស្រប និងឆ្លុះបញ្ចាំងពីភាពចាំបាច់ក្នុងការឈានទៅសម្រេចបានការកសាងសហគមន៍ អាស៊ាន ប្រកបដោយឯកភាព សាមគ្គីភាព និងមជ្ឈ ភាព ដើម្បីជំរុញឱ្យអាស៊ានមានលទ្ធភាពចាប់យកឱកាស និងដោះស្រាយបញ្ហាប្រឈមដែលកំពុងកើតមានប្រកបដោយប្រសិទ្ធភាព ជាពិសេសការរាតត្បាតនៃជំងឺកូវីដ១៩ជាដើម។
សម្តេច ហេង សំរិន បានបញ្ជាក់ថា ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ ត្រូវការថវិកា សម្ភារបរិក្ខារ ក៏ដូចជាកម្លាំងមនុស្សច្រើន ហើយអ្វីដែលកម្ពុជាអាចផ្តល់ជាបទពិសោធន៍ គឺការជំរុញនិងបំផុសនូវវប្បធម៌ចែករំលែក ក្នុងនោះគឺការចែករំលែកពី ស្ថាប័នរដ្ឋ ឯកជនទៅប្រជាជន ការចែករំលែកពីដៃគូអភិវឌ្ឍន៍និងអង្គការមិនមែនរដ្ឋាភិបាល ទៅប្រជាជន និងការចែករំលែករវាងប្រជាជននៅក្នុងមូលដ្ឋាន។ វប្បធម៌នេះបង្ហាញយ៉ាងច្បាស់អំពីស្មារតីចែករំលែកសាមគ្គីភាព និងការដោះស្រាយរួបរួមជាតិតែមួយ។
នៅក្នុងមហាសន្និបាតនោះ សម្តេច ហេង សំរិន បានគូសបញ្ជាក់ទៀតថា ប្រទេសក្នុងតំបន់បានកំពុងពុះពារងើបចេញពីវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់នេះ ដោយត្រូវធ្វើសមាហរណកម្មតំបន់ឱ្យកាន់តែស៊ីជម្រៅថែមទៀត ដើម្បីសម្រួលដល់លំហូរទំនិញ សេវាកម្ម និងប្រជាជន។ សម្តេច ហេង សំរិន បន្តថា កន្លងមកអាស៊ានរក្សាបាន ស្ថិរភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់ទំនិញសំខាន់ៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់ក្នុងពេលមានវិបត្តិដ៏ធ្ងន់ធ្ងរនេះ៕
