សហភាពអឺរ៉ុប៖ លោក Josep Borrell ប្រមុខការទូតរបស់សហភាពអឺរ៉ុបនិយាយថា ប្លុកនេះនឹងពើបប្រទះបញ្ហាប្រឈមធំៗជាច្រើន ដោយសារតែទណ្ឌកម្មដែលខ្លួនបានដាក់លើប្រទេសរុស្ស៊ី ជុំវិញជម្លោះក្នុងប្រទេសអ៊ុយក្រែន។

បញ្ហានេះត្រូវបានលើកឡើងអំឡុងបទសម្ភាសន៍របស់លោក Borrell ជាមួយកាសែត Kronen Zeitung របស់អូទ្រីស ដោយក្រុមអ្នកសារព័ត៌មានចង្អុលបង្ហាញថា មនុស្សភាគច្រើននៅក្នុងប្រទេសរបស់ពួកគេ មានមន្ទិលអំពីវិធានការនានាប្រឆាំងនឹងប្រទេសរុស្ស៊ី។ អ្នកការទូតរូបនេះបានអះអាងថា ទណ្ឌកម្មនានាកំពុងដំណើរការ ហើយថារុស្ស៊ីកំពុងធ្លាក់ក្នុងបញ្ហា។
លោកថា ទាំងនេះគឺជាវិធានការរឹតត្បិត។ យើងបានរឹតបន្តឹងសមត្ថភាពសេដ្ឋកិច្ចរបស់រុស្ស៊ី។ ឲ្យតែសេដ្ឋកិច្ចរបស់រុស្ស៊ីពឹងផ្អែកលើប្រេង និងឧស្ម័ន ពួកគេនឹងត្រូវការបច្ចេកវិទ្យារបស់យើង។ យ៉ាងណាក៏ដោយលោក Borrell បានទទួលស្គាល់ថា ពិតណាស់យើងកំពុងប្រឈមនឹងបញ្ហាធំៗជាច្រើន ក្នុងរយៈពេលដ៏ខ្លីដោយសារតែទណ្ឌកម្មទាំងនោះ ហើយការពិតមិនអាចប្រកែកបានគឺថា តម្លៃឧស្ម័នកំពុងហក់ឡើងខ្លាំង៕
អត្ថបទ៖ សុខមាន