អ៊ុយក្រែន៖ ការបាញ់ផ្លោងដែលនៅតែបន្តទៅលើរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia គ្រប់គ្រងដោយរុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន បានបង្កឲ្យមានក្ដីបារម្ភពីគ្រោះមហន្តរាយធ្ងន់ធ្ងរ ខណៈភាគីទាំង២ នៅតែបន្តចោទប្រកាន់ដាក់គ្នា ស្របពេលកងកម្លាំងរុស្ស៊ីបានដាក់គោលដៅលើទីប្រជុំជននានា នៅម្ខាងនៃទន្លេពីរោងចក្រថាមពលអាតូមិកធំបំផុតរបស់អឺរ៉ុប។

ទោះស្ថិតក្នុងគ្រោះថ្នាក់ ក្រុមមន្ត្រីមកពីទីភ្នាក់ងារឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ នៅតែកំពុងរង់ចាំការអនុញ្ញាតផ្លូវការចូលទៅកាន់រោងចក្រនៅសមរភូមិជួរមុខភាគខាងត្បូងនៃសង្គ្រាម។ អភិបាលតំបន់ Zaporizhzhia លោក Oleksandr Starukh បានប្រាប់ទូរទស្សន៍អ៊ុយក្រែនថា ប្រជាពលរដ្ឋត្រូវបានជូនដំណឹងពីរបៀបប្រើប្រាស់សារធាតុគីមីអ៊ីយ៉ូដ ក្នុងករណីលេចធ្លាយសារធាតុវិទ្យុសកម្ម។ កងកម្លាំងរុស្ស៊ីបានដណ្ដើមរឹបអូសរោងចក្រនេះចាប់តាំងពីដើមខែមីនាភ្លាមៗ ក្រោយការវាយលុកចូលអ៊ុយក្រែន ស្របពេលដែលបុគ្គលិកអ៊ុយក្រែននៅតែបន្តប្រតិបត្តិការក្នុងរោងចក្រនេះ។ ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ប្រទេសទាំង២ បានចោទប្រកាន់ដាក់គ្នាចំពោះការបាញ់ផ្លោងជិតរោងចក្រនេះ៕
អត្ថបទ៖ សុខមាន