បាល់ទះ៖ សហព័ន្ធកីឡាបាល់ទះកម្ពុជា គ្រោងរៀបចំការប្រកួតលីគបាល់ទះលក្ខណៈលីគស្ដង់ដារ ៦ ទល់ ៦ ឡើងវិញនាឆ្នាំក្រោយ២០២៣ ខាងមុខ បន្ទាប់ពីទទួលបានជោគជ័យក្នុងការប្រកួតលក្ខណៈលីគ ៤ស្មើលើកដំបូងគឺពានរង្វាន់ Ganzberg Special Volleyball League 2022 ដែលទើបបញ្ចប់ការប្រកួតកាលពីចុងសប្ដាហ៍កន្លងទៅ។ នេះបើតាមការបញ្ជាក់របស់លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា។
សម្រាប់ក្រុមជើងឯកពានរង្វាន់ ៤ ទល់ ៤ នេះគឺបានទៅសមាគមបាល់ទះវិសាខា បន្ទាប់ពីយកឈ្នះក្រុមក្រសួងការពារជាតិដោយលទ្ធផល ២-០សិតជាមួយពិន្ទុ ២៥-២៣ និង ២៨-២៦ ក្នុងវគ្គផ្ដាច់ព្រ័ត្រ ខណៈលេខ៣ បានទៅក្រុមរដ្ឋបាលរាជធានីភ្នំពេញក្រោយយកឈ្នះក្រុម PS Concrete ដោយលទ្ធផល ២-១សិតជាមួយពិន្ទុ ១៦-២៥,២៥-២២ និង ១៥-១១។ ពិធីបិទការប្រកួតនេះក៏មានការចូលរួមពីថ្នាក់ដឹកនាំសហព័ន្ធផងដែរ។ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ បានចាត់ទុកពានរង្វាន់ Ganzberg Special Volleyball League 2022 គឺជាការប្រកួតដ៏អស្ចារ្យមួយដែលជាការរៀបចំបញ្ចូលគ្នា រវាងបទបញ្ជាការប្រកួតបាល់ទះក្នុងសាល និងបាល់ទះឆ្នេរខ្សាច់។
តាមរយៈជោគជ័យនេះសហព័ន្ធសង្ឃឹមយ៉ាងមុតមាំថា នឹងក្លាយជាស្ពានឆ្ពោះទៅរៀបចំការប្រកួតលីគស្ដង់ដារ ៦ស្មើឡើងវិញនាឆ្នាំ២០២៣ ខាងមុខ ដើម្បីជំរុញការអភិវឌ្ឍវិស័យកីឡាដ៏មានប្រជាប្រិយនេះឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។ សូមបញ្ជាក់ថា ពានរង្វាន់ Ganzberg Special Volleyball League 2022 បានចាប់ផ្ដើមការប្រកួតតាំងពីចុងខែមីនា ដោយមាន ១៣ក្រុមចូលរួម ខណៈជាលទ្ធផល ក្រុមវិសាខាគ្រងជើងឯក អមប្រាក់រង្វាន់ ២០លានរៀល ខណៈលេខ២ បានទៅក្រុមក្រសួងមហាផ្ទៃ អមប្រាក់រង្វាន់ ៨លានរៀល និងលេខ៣ ក្រុមរដ្ឋបាលរាជធានីភ្នំពេញទទួលបានប្រាក់រង្វាន់ ៤លានរៀល។ ក្រៅពីនេះក៏មានការផ្ដល់ជូននូវរង្វាន់ឯកត្តជន ដល់កីឡាករធ្វើបានឆ្នើមៗប្រចាំព្រឹត្តិការណ៍នេះផងដែរ៕
អត្ថបទ៖ លី ឈុនឡា