ប៉ាគីស្ថាន៖ មេបញ្ជាការកងទ័ពប្រទេសប៉ាគីស្ថាន កាលពីថ្ងៃអាទិត្យបានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យជួយប្រទេសប៉ាគីស្ថាន បន្ទាប់ពីរដូវខ្យល់មូសុងដ៏ខ្លាំងបណ្ដាលឲ្យមានមនុស្សស្លាប់។

ឧត្ដមសេនីយ៍លោក Qamar Javed Bajwa បានសុំអង្វរ ខណៈលោកបានទៅពិនិត្យតំបន់ដែលរងផលប៉ះពាល់ដោយទឹកជំនន់ក្នុងខេត្ត Sindh ភាគខាងត្បូងដើម្បីជួយដល់ការងារសង្គ្រោះ។ មន្ត្រីបាននិយាយកាលពីថ្ងៃអាទិត្យថា អ្នកស្លាប់ដោយសារទឹកជំនន់រាលដាលនៅក្នុងប្រទេសប៉ាគីស្ថានបានកើនឡើងដល់ ១,០៣៣នាក់ចាប់តាំងពីពាក់កណ្តាលខែមិថុនាមក។

ទឹកជំនន់ភ្លាមៗដោយសារភ្លៀងធ្លាក់ខ្លាំងបានបំផ្លាញភូមិ និងផលដំណាំទាំងស្រុង។ ទាហាន និងក្រុមអ្នកជួយសង្គ្រោះបានជម្លៀសពលរដ្ឋដែលជាប់គាំង ទៅកាន់ទីសុវត្ថិភាពនៃជំរំសង្គ្រោះ និងផ្តល់អាហារដល់ប្រជាជនប៉ាគីស្ថានរាប់ពាន់នាក់ដែលបានភៀសខ្លួន។ រដ្ឋាភិបាលបានដាក់ពង្រាយទាហាន ដើម្បីជួយអាជ្ញាធរស៊ីវិលក្នុងប្រតិបត្តិការជួយសង្គ្រោះនៅទូទាំងប្រទេស៕
អត្ថបទ៖ ប៊ុនថន