បាល់ទាត់៖ ខ្សែប្រយុទ្ធអង់គ្លេស Harry Kane បានស៊ុតបញ្ចូលទី ២គ្រាប់ម្នាក់ឯងឱ្យ Tottenham Hotspur យកឈ្នះនៅទឹកដីក្រុមឡើងថ្មី Nottingham Forest ២-០ សប្តាហ៍ទី៤ ក្របខណ្ឌ English Premier League។

កីឡាករវ័យ ២៩ឆ្នាំរូបនេះរកបានគ្រាប់នាំមុខដំបូងតាំងពីនាទីទី៥ មុនពេលមានឱកាសស៊ុតបាល់ពិន័យ ១១ម៉ែត្រ ១គ្រាប់តែធ្វើមិនបានសំរេចដោយសង្គ្រោះបានដោយ Dean Henderson។ យ៉ាងណាក្តី Harry Kane ដដែលក៏រកបានគ្រាប់ទី២ របស់ខ្លួនដែលជាគ្រាប់ធានាជ័យជំនះឱ្យ Spurs នៅនាទីទី៨១។ ជ័យជំនះនេះធ្វើឱ្យក្រុមរបស់លោក Antonio Conte បន្តឈរលេខ៣ ក្នុងតារាងមាន ១០ពិន្ទុស្មើគ្នាជាមួយ Manchester City និង Brighton ខណៈ Arsenal កំពុងនាំមុខគេមាន ១២ពិន្ទុពេញ។ លទ្ធផលផ្សេងទៀតយប់ថ្ងៃអាទិត្យម្សិលមិញ Newcastle តាមស្មើចុងម៉ោង ១-១ នៅទឹកដី Wolverhampton។

ក្រុមម្ចាស់ផ្ទះនាំមុខមុននៅនាទីទី៣៨ ដោយ Ruben Neves ខណៈគ្រាប់តាមស្មើរបស់ Newcastle ត្រូវរង់ចាំដល់នាទីទី៩០ ដោយ Allan Saint-Maximin។ លទ្ធផលនេះមានន័យថា Newcastle បន្តស្ថិតិមិនចាញ់ ៤ប្រកួតកន្លងមកឈ្នះ១ ស្មើ៣ ឈរលេខ៧ មាន ៦ពិន្ទុ ខណៈ Wolves ឈរលេខ១៩ មានត្រឹម ២ពិន្ទុមិនទាន់ស្គាល់ឈ្នះ។ មួយគូទៀត West Ham ស្គាល់ជ័យជំនះដំបូងរបស់ខ្លួនក្រោយយកឈ្នះនៅទឹកដី Aston Villa ១-០ ដោយគ្រាប់បាល់របស់ Pablo Fornal៕
អត្ថបទ៖នាង សុភាវុធ