ភ្នំពេញ៖ ក្រុមការងារគ្រូពេទ្យមណ្ឌលសុខភាពទួលគោក ពង្រីកការងារផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញជូនប្រជាពលរដ្ឋឱ្យបានគ្រប់គ្នា ដើម្បីបង្កើនភាពស៊ាំសហគមន៍ឱ្យបានរឹងមាំ។
បើតាមលោក ប៉ាវ សំអាត អ្នកសម្របសម្រួលទូទៅ នៃដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មណ្ឌលសុខភាពទួលគោក ខណ្ឌទួលគោក រាជធានីភ្នំពេញ តាមរយៈបណ្តាញ BTV ព័ត៌មាន នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២នេះថា សព្វថ្ងៃក្រុមការងារគ្រូពេទ្យមមាញឹក ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ ចាប់ពីដូសមូលដ្ឋាន រហូតដល់ដូសជំរុញទី៥ ហើយវ៉ាក់សាំងកូវីដ-១៩ ដែលកំពុងចាក់ជូនបងប្អូនប្រជាពលរដ្ឋនោះ មានចំនួន០៣ប្រភេទ។
បើយោងតាមការបញ្ជាក់របស់ឯកឧត្តម វេជ្ជបណ្ឌិត ងី មានហេង ប្រធានមនី្ទរសុខាភិបាលរាជធានីភ្នំពេញ ប្រាប់BTV ព័ត៌មាន នាព្រឹកនេះថា គិតមកត្រឹមថ្ងៃទី២៨ ខែសីហា ម្សិលមិញនេះ បើតាមរបាយការណ៍មានកុមារ អាយុពី០៣ឆ្នាំ ដល់ក្រោម០៥ឆ្នាំ ក្រុមគោលដៅ៧២,៨៥៤នាក់ ចាក់វ៉ាក់សាំងដូសទី៣ បានចំនួន៤.០៣%, កុមារមានអាយុ០៥ឆ្នាំ ក្រុមគោលដៅ ៤៩.៨៤៨នាក់ ចាក់វ៉ាក់សាំងដូសទី៤ បានចំនួន៣.៧៥%, កុមារមានអាយុពី០៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ ក្រុមគោលដៅ ២២១,១៣៦នាក់ ចាក់វ៉ាក់សាំងដូសទី៤ បានចំនួន៩.៩៧%, កុមារ និងយុវជន មានអាយុពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ក្រុមគោលដៅ១៩១,៤៨៦នាក់ ចាក់វ៉ាក់សាំងដូសទី៥ បានចំនួន៣.៤២% និងប្រជាពលរដ្ឋអាយុចាប់ពី ១៨ឆ្នាំឡើង ចាក់វ៉ាក់សាំងដូសទី៥ បានចំនួន១០.៨៤%៕ អត្ថបទ រដ្ឋា





