សហរដ្ឋអាមេរិក៖ អង្គការណាសា (NASA) និយាយថា ការបង្កើតការតាំងទីលំនៅនៅលើភពព្រះអង្គារ នឹងអនុញ្ញាតឲ្យមនុស្សចូលទៅកាន់តែជ្រៅទៅក្នុងប្រព័ន្ធព្រះអាទិត្យ ខណៈដែលទីភ្នាក់ងារអវកាសបានបង្ហាញគម្រោងរយៈពេលវែង ដើម្បីនាំយកក្រុមអវកាសយានិកទៅហួសពីភពក្រហម។

មុនពេលការហោះសាកល្បងនៃបេសកកម្ម Artemis ដែលមានគោលបំណងបញ្ជូនមនុស្សទៅកាន់ភពព្រះចន្ទជាលើកដំបូងក្នុងរយៈពេល ៥០ឆ្នាំ អង្គការណាសាបាននិយាយថា ផ្ទៃខាងលើរបស់ភពព្រះចន្ទនឹងផ្ដល់គ្រែសាកល្បងសម្រាប់ភពព្រះអង្គារ និងហួសពីភពនេះទៀត។ ខុសពីបេសកកម្ម Apollo ពេលនេះគោលដៅរបស់បេសកកម្ម Artemis ក្នុងការរស់នៅ និងសាងសង់ទីលំនៅអចិន្ត្រៃយ៍នៅលើភពព្រះចន្ទ ជាទីដែលមេរៀននានាអាចត្រូវបានរៀនសូត្រ មុនដំណើរផ្សងព្រេងទៅហួសពីភពនេះទៀត។ ថ្លែងទៅកាន់សារព័ត៌មាន The Telegraph លោកស្រីវេជ្ជបណ្ឌិត Bhavya Lal ប្រធានរដ្ឋបាលសមាគមសម្រាប់បច្ចេកវិទ្យា គោលនយោបាយ និងយុទ្ធសាស្ត្ររបស់អង្គការណាសាបាននិយាយថា គោលដៅរយៈពេលវែងនឹងមានវត្តមាននៅក្នុងប្រព័ន្ធព្រះអាទិត្យ។
លោកស្រីនិយាយថា ចំណុចនេះគឺថា យើងមិនអាចបញ្ឈប់បានទេ នៅពេលដែលយើងបានទៅដល់ភពព្រះអង្គារហើយនោះ នៅពេលដែលយើងបានសាងសង់ទីលំនៅនៅលើភពព្រះអង្គារ ហើយយើងប្រហែលមានបច្ចេកវិទ្យាគ្រប់គ្រាន់ អាចឆ្ពោះទៅកាន់តែជ្រៅជាងនេះទៀតចូលក្នុងទីលំហ។ នៅឆ្នាំ២០២៤ ខាងមុខ បេសកកម្ម Artemis II នឹងនាំក្រុមអវកាសយានិកទៅឆ្ងាយបំផុតចូលក្នុងទីលំហចម្ងាយប្រមាណ ៤,៦០០ម៉ាយល៍ឆ្ងាយទៅកាន់ផ្នែកម្ខាងទៀតនៃភពព្រះចន្ទ។ ហើយបើអ្វីទាំងអស់ដើរទៅតាមគម្រោង ការចុះចតពេញលេញនៅលើផ្ទៃខាងលើនៃភពព្រះចន្ទ ត្រូវគេរំពឹងថានឹងកើតឡើងនៅឆ្នាំ២០២៥៕
អត្ថបទ៖ សុខមាន