ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ការចរាចរណ៍ និងប្រើប្រាក់រៀល បានកើនឡើងជាលំដាប់ ដែលឆ្លុះបញ្ជាំងពីកំណើនតម្រូវការ និងជំនឿទុកចិត្តពីសាធារណជនលើរូបិយបណ្ណជាតិ។
លោកជំទាវ ជា សិរី អគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ក្នុងកម្មវិធីផ្សព្វផ្សាយស្តីពីប្រាក់រៀលនៅខេត្តកំពតនៅទី២៧ ខែសីហា ឆ្នាំ២០២២ ដើម្បីចូលរួមអបអរសាទរទិវាប្រាក់រៀលខួបលើកទី៤២ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ និងលើកកម្ពស់ការយល់ដឹងពីប្រាក់រៀល ឱ្យកាន់តែទូលំទូលាយនៅទូទាំងប្រទេស។
ថ្លែងក្នុងពិធីខាងលើនេះ អគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា លើកឡើងថា តាមការអង្កេតរបស់ធនាគារជាតិនៃកម្ពុជា និងភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនចៃកា ប្រាក់រៀល ត្រូវបានប្រើប្រាស់ច្រើន លើការចំណាយប្រចាំថ្ងៃរបស់ពលរដ្ឋ។
ធនាគារជាតិនៃកម្ពុជា បានដាក់ចេញ គោលនយោបាយលើកកម្ពស់ ការប្រើប្រាស់ប្រាក់រៀល ជាពិសេសចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ២០០០មក បន្ទាប់ពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ចមានលំនឹងល្អប្រសើរ។
លោកជំទាវ ជា សិរី បញ្ជាក់ថា ការអនុវត្តគោលនយោបាយទាំងនេះ គួបផ្សំនឹងការចូលរួមរបស់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ បានធ្វើឲ្យទំហំប្រាក់រៀល ក្នុងចរាចរណ៍ បានកើនឡើងជាលំដាប់ ខណៈតម្លៃប្រាក់រៀលមានស្ថិរភាពល្អប្រសើរ ដែលឆ្លុះបញ្ចាំងពីកំណើនតម្រូវការ និងជំនឿទុកចិត្តរបស់សាធារណជន មកលើការប្រើប្រាស់ប្រាក់រៀល។
លោកជំទាវ ជា សិរី បន្ថែមថា សមិទ្ធផលគួរជាទីមោទនៈទាំងនេះ មិនអាចសម្រេចបានឡើយ ប្រសិនបើប្រទេសកម្ពុជាមិនមានសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ធ្វើឱ្យប្រជាជន និងវិនិយោគិនមានជំនឿទុកចិត្ត កាន់តែរឹងមាំមកលើប្រាក់រៀល និងអនាគតនៃសេដ្ឋកិច្ចកម្ពុជា។
របាយការណ៍ស្ថេរភាពរបស់ធនាគារជាតិនៃកម្ពុជា បានបង្ហាញថា កម្ចីជាប្រាក់រៀលដែលធនាគារផ្តល់ឱ្យអតិថិជនបានកើនបន្តិចៗម្តងៗ ពី១,៥ភាគរយ ក្នុងឆ្នាំ២០១៦ ដល់១១,៤ភាគរយនៃទំហំកម្ចីសរុប៣៦,៨ពាន់លានក្នុងឆ្នាំ២០២១។
កម្ចីជាប្រាក់រៀលដែលធនាគារផ្តល់ឱ្យពលរដ្ឋ មានភាពល្អប្រសើរ បន្ទាប់ពីធនាគារជាតិនៃកម្ពុជា បានប្រកាសឱ្យធនាគារទាំងអស់នៅកម្ពុជា ត្រូវផ្តល់ឥណទានជាប្រាក់រៀល ឱ្យបានយ៉ាងហោចណាស់ ១០ភាគរយនៃឥណទានសរុបរបស់ខ្លួន៕ អត្ថបទ៖ វណ្ណៈ


