ភ្នំពេញ៖ របាយការណ៍រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានឱដឹងថា ក្នុងរយៈពេល៨ខែឆ្នាំ២០២២នេះ មានអ្នកដំណើរអន្តរជាតិចូលមកកម្ពុជាជាមធ្យម ៦០០០នាក់ក្នុងមួយថ្ងៃកើនឡើងជាង ១០ដងបើធៀបនឹងឆ្នាំ២០២១ ។
បើតាមអ្នកជំនាញទេសចរណ៍ ថ្លែងថា នៅពេលបច្ចុប្បន្នយើងទទួលស្គាល់ថា កម្ពុជាមានទេសចរអន្តរជាតិមកទស្សនាកើនល្អប្រសើរឡើងវិញ តែកើនក្នុងកម្រិតទាប បើប្រៀបធៀបជាមួយប្រទេសជិតខាងយើង ដូចជាប្រទេសវៀតណាម ថៃជាដើម។
លោក ធួន ស៊ីណាន ប្រធានសមាគមន៍ទេសចរណ៍អាស៊ីប៉ាស៊ីភិច PATA ប្រចាំនៅកម្ពុជា ថ្លែងប្រាប់BTV នៅថ្ងៃទី២៩ ខែសីហានេះ ជំរុញបើកប្រទេស បើកទេសចរអន្តរជាតិចូលមកទស្សនាកម្ពុជារហូតមកដល់ពេលនេះ គឺបានធ្វើឲ្យបណ្តាអាជីវកម្មទេសចរណ៍ជាច្រើនបានបើកដំណើរវិញ ជាមួយនឹងមានកំណើនឡើងវិញនៃមានភ្ញៀវទេសចរជាតិអន្តរជាតិចេញដើរកម្សាន្តនៅក្នុងប្រទេស តែកំណើននេះមិនទាន់មានភាពល្អប្រសើរដូចឆ្នាំ២០១៩ ដែលជាឆ្នាំពិភពលោកមិនទាន់មានមេរោគកូវីដ១៩រាតត្បាត។
លោក បន្តថា កំណើនទេសចរអន្តរជាតិមកទស្សនាកម្ពុជា គឺស្ថិតនៅក្នុងកម្រិតទាបដោយសារ ទី១ កម្ពុជា មិនទាន់មានក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកច្រើនដូចនៅវៀតណាម និងថៃ ហើយការតភា្ជបជើងអាកាសរយៈចំងាយឆ្ងាយក៏នៅមិនទាន់មាន។
បើតាមបណ្តាភ្ញៀវទេសចរអន្តរជាតិ និងអណិកជនខ្មែររស់នៅសហរដ្ឋអាមេរិក ក៏បានថ្លែងថា ជារួមយើងចង់មកទស្សនាកម្ពុជាខ្លាំងណាស់ និងចង់មកទស្សនាមុនគេ ប៉ុន្តែដោយសារជើងហោះហើរពីសហរដ្ឋអាមេរិក និងមកពីអេស្ប៉ាញជាដើម មកដល់កាន់កម្ពុជាផ្ទាល់តែម្តងគឺមិនទាន់មាននោះទេ ហើយការរៀបចំឯកសារមកទស្សនាកម្ពុជា គឺមានភាពស្មុគស្មាញច្រើន បើទោះការមកទស្សនាកម្ពុជាក្នុងអំឡុងពេលនេះមិនមានការធ្វើចត្តាឡីស័កលើអ្នកមិនទាន់ចាក់វ៉ាក់សាំងក៏ដោយ។
យ៉ាងណាក៏ដោយបើតាមឯកឧត្តម ជា អូន អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ថ្លែងថា ក្នុងរយៈពេល៨ខែ ឆ្នាំ២០២២ ចំនួនជើងហោះហើរត្រង់ពីតាមបណ្តាប្រទេសនានាមកកាន់កម្ពុជា គឺមានកំណើន ៣០% បើប្រៀបធៀបចំនួនជើងហោះហើរសរុបឆ្នាំ២០១៩ ដែលមានប្រមាណ ១០ម៉ឺន៤ ៧៧០ជើង។
ឯកឧត្តម ជា អូន បញ្ជាក់ថា នៅក្នុងចំនួនជើងហោះហើរសរុបនេះគឺក្នុងមួយថ្ងៃៗ មានអ្នកដំណើរអន្តរជាតិ និងភ្ញៀវទេសចរអន្តរជាតិចូលមកកម្ពុជា មានប្រមាណពី៥០០០ទៅ៦០០០នាក់ ហើយមានកម្រិតទាបបើធៀបនឹងឆ្នាំ២០១៩កន្លងទៅ៕អត្ថបទ៖ ស៊ុមសុខជា


