បាល់ទាត់៖ ការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Carabao Cup រវាង Tottenham Hotspur និង Manchester City នឹងមានអ្នកគាំទ្រ ៨ពាន់នាក់ត្រូវបានអនុញ្ញាតឲ្យចូលទស្សនា។ នេះជាការសំរេចមួយដោយយកការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ជាការសាកល្បងគ្រប់គ្រងកម្មវិធីដែលមានមនុស្សច្រើន ក្នុងវិធានការងើបចេញពីវិបត្តិ Covid-19 នៅពេលអនាគត។
ចំនួនសំបុត្រចូលទស្សនាវគ្គផ្ដាច់ព្រ័ត្រនៅកីឡដ្ឋាន Wembley ទីក្រុងឡុងដ៍នឹងបើកឲ្យក្លិបទាំង២ ចាត់ចែងតាមចំនួនកំណត់នៅថ្ងៃទី២៥ ខែមេសានេះ ខណៈសំបុត្រមួយចំនួននឹងត្រូវផ្តល់ជូនអាជ្ញាធរសុខាភិបាលផងដែរ។ លោក Rick Parry ដែលជាប្រធានសមាគមបាល់ទាត់លីគ English Football League (EFL) នោះបាននិយាយថា នេះគឺជាការបោះជំហ៊ានដ៏ធំមួយក្នុងស្ថានភាពដ៏លំបាកនេះ។ នៅថ្ងៃទី១៨ ខែមេសានេះដែរវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ FA Cup រវាង Leicester City និង Southampton ក៏នឹងបើកឲ្យមានអ្នកគាំទ្រ ៤ពាន់នាក់ដែរ ខណៈវគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃទី២១ ខែឧសភានឹងមានអ្នកគាំទ្រដល់ទៅ ២១០០០នាក់។
រំលឹកថា បាល់ទាត់អង់គ្លេសបានចាប់ផ្ដើមប្រកួត ដោយគ្មានអ្នកទស្សនាតាំងពីពេលផ្ទុះឡើងដំបូងនៃមេរោគ Covid-19 ជាសកលខែមីនាឆ្នាំមុន ហើយក៏បានបើកឡើងវិញម្តងកាលពីចុងឆ្នាំ២០២០ តែក៏ត្រូវបានផ្អាកវិញ ក្រោយអង់គ្លេសប្រកាសបិទខ្ទប់ប្រទេសសារជាថ្មី៕
អត្ថបទ៖នាង សុភាវុធ