ប្រណាំងកង់៖ កីឡាករអាហ្វ្រិកខាងត្បូង Louis Meintjes បានប្រជែងឈ្នះដំណាក់កាលទី៩ នៃព្រឹត្តិការណ៍ប្រណាំងកង់ Grand Tour, Vuelta a Espana។

ដំណាក់កាលទី៩ ដែលមានចំងាយផ្លូវ ១៧៥.៥គីឡូម៉ែត្រ កីឡាកររបស់ក្រុមប្រណាំង Wanty-Gobert រូបនេះបានមកដល់ទីព្រ័ត្រមុនគេប្រើពេល ៤ម៉ោង ៣២នាទី ៣៩វិនាទី ដែលជាជ័យជំនះនៅព្រឹត្តិការណ៍ Grand Tour ជាលើកដំបូងសំរាប់កីឡាករវ័យ ៣០ឆ្នាំរូបនេះ។ លេខ២ ក្នុងដំណាក់កាលបានទៅកីឡាករអ៊ីតាលី Samuele Battistella យឺតជាង ១នាទី ១វិនាទី និងលេខ៣ កីឡាករអ៊ីតាលីមួយរូបទៀត Edoardo Zambanini យឺតជាង ១នាទី ១៤វិនាទី។
យ៉ាងណាក្តីក្រោយដំណាក់កាលទី៩ នេះកីឡាករប៊ែលហ្ស៊ិក Remco Evenepoel ដែលបានបញ្ចប់នៅចំណាត់ថ្នាក់លេខ៤ នោះនៅតែបន្តនាំមុខគេដដែលដោយមានវេលាចំណេញ ១នាទី ១២វិនាទីពីលើអ្នកលេខ២ កីឡាករអេស្ប៉ាញ Enric Mas និងលេខ៣ អ្នកការពារតំណែងជើងឯក Primoz Roglic។ មិនមានការប្រកួតនៅថ្ងៃនេះឡើយ តែសំរាប់ដំណាក់កាលទី១០ ថ្ងៃអង្គារស្អែកមានចំងាយផ្លូវ ៣១.១គីឡូម៉ែត្រដែលជាដំណាក់កាលប្រណាំងយកថេរវេលាផ្ទាល់ខ្លួន៕
អត្ថបទ៖នាង សុភាវុធ