កណ្ដាល៖ នគរបាលប៉ុស្ដិ៍រដ្ឋបាលឈើទាល ស្រុកកៀនស្វាយ បានដាក់កម្លាំងប្រចាំការទាំងថ្ងៃ-យប់ដើម្បីពង្រឹងសន្តិសុខ និងសុវត្ថិភាពជូនពលរដ្ឋ ខណៈបទល្មើសចោរកម្ម ហិង្សា និងគ្រឿងញៀន បង្ក្រាបបានជាបន្ដបន្ទាប់។
ដើម្បីពង្រឹងសន្តិសុខ និងសុវត្ថិភាពជូនពលរដ្ឋលោកវរសេនីយ៍ត្រី សឿន ផល្លី មេប៉ុស្ដិ៍រដ្ឋបាលឃុំឈើទាល បានដាក់គោលដៅប្រចាំការទាំងថ្ងៃ-យប់នៅតាមទីសាធារណៈ ដើម្បីបង្កលក្ខណៈងាយស្រួល ក្នុងការចុះអន្តរាគមន៍ដល់ប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា។
លោកមេប៉ុស្ដិ៍នគរបាលប៉ុស្ដិ៍រដ្ឋបាលឈើទាល ស្រុកកៀនស្វាយ បានប្រាប់BTV Newsថា ដោយមានការណែនាំពីឧត្តមសេនីយ៍ទោ ឈឿន សុចិត្តស្នងការនគរបាលខេត្តកណ្តាល កម្លាំងសមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាលឈើទាល បានដាក់ប៉ុស្ដិ៍សាធារណៈប្រចាំការ២៤ម៉ោងលើ២៤ម៉ោង ព្រមទាំងការដើរល្បាត និងការផ្ដល់សេវាសាធារណៈផ្សេងៗ ដើម្បីបង្កលក្ខណៈងាយស្រួល ក្នុងការឆ្លើយតប ឬកិច្ចអន្តរាគមន៍ ជួយប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា ក្នុងពេលដែលមានបញ្ហាមិនប្រក្រតីផ្សេងៗ។
លោកវរសេនីយ៍ត្រី សឿន ផល្លី បានថ្លែងថា រយៈពេលចុងក្រោយ១ខែ ក្នុងឆ្នាំ២០២២នេះ បទល្មើសដែលកម្លាំងសមត្ថកិច្ចបង្រ្កាបបាន មានការថយចុះដូចជា បទល្មើសចោរកម្ម លួច ប្លន់ គ្រឿងញៀន និងអំពើហិង្សាជាដើម។ លោក បានបន្ថែមឲ្យដឹងទៀតថា ដើម្បីឱ្យការពង្រឹងសន្តិសុខ និងសុវត្ថិភាពឱ្យមានប្រសិទ្ធភាពខ្ពស់នោះគឺ នគរបាលរបស់យើងតែងតែផ្សព្វផ្សាយយ៉ាងញឹកញាប់នៅតាមមូលដ្ឋាន ដើម្បីជំរុញឱ្យមានការចូលរួមរាយការណ៍ពីប្រជាពលរដ្ឋ។
ជាមួយគ្នានេះដែរ បងប្អូនប្រជាពលរដ្ឋ មានការអបអរសាទរ និងសប្បាយចិត្តនៅពេលឃើញកម្លាំងសមត្ថកិច្ចដាក់ប៉ុស្ដិ៍ចុះដើរល្បាត និងបង្ក្រាបបទល្មើសបានជាបន្ដបន្ទាប់ដូចជា៖ ចោរកម្ម លួច ប្លន់ គ្រឿងញៀនផងដែរ។
គួររម្លឹកផងដែរថា ក្នុងការផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្តស្នងការនគរបាលខេត្តកណ្តាល បានធ្វើការណែនាំដល់លោក លោកស្រីស្នងការរង និងលោកអធិការនគរបាលក្រុង/ស្រុកទាំង១១ ត្រូវយកចិត្តទុកដាក់ណែនាំ និងពិនិត្យទៅលើមន្ត្រីរបស់ខ្លួន ដែលឈរជើងនៅតាមគោលដៅត្រួតពិនិត្យតាមដងផ្លូវ ឱ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការឆែកអាវុធជាតិផ្ទុះ។ល។ ដើម្បីធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ពិសេសថ្នាក់ដឹកនាំជាន់ខ្ពស់៕
អត្ថបទ ៖ នុត សាវី





