ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២៩ ខែសីហានេះបានអញ្ជើញដឹកនាំគណៈប្រតិភូ ក្រសួងការពារជាតិ ចូលរួមកម្មវិធីតាំងអ្នកពិព័ណ៌ការពារជាតិ និងសន្តិសុខ ឆ្នាំ២០២២ ដែលបានរៀបចំឡើងដោយក្រសួងការពារជាតិថៃ ខណៈព្រឹត្តិការណ៍នេះមានប្រតិភូក្រសួងការពារជាតិប្រទេសចំនួន៤០ចូលរួម។
ពិធីតាំងពិព័រណ៍ការពារជាតិ និងសន្តិសុខ ឆ្នាំ២០២២នេះមានប្រតិភូកម្ពុជា ចំនួនបួនក្រុមគឺគណៈប្រតិភូក្រសួងការពារជាតិកម្ពុជា ត្រូវបានដឹកនាំដោយ សម្ដេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ គណៈប្រតិភូអគ្គបញ្ជាការ ខ.ភ.ម. ដឹកនាំដោយ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ គណៈប្រតិភូកងទ័ពជើងអាកាសដឹកនាំដោយ នាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងអាកាស និង គណៈប្រតិភូកងទ័ពជើងទឹក ដឹកនាំដោយ នាយឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរង កងទ័ពជើងទឹក និងជាមេបញ្ជាការជួរមុខ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ។
នៅក្នុងពិធីបើកពិធីតាំងពិព័រណ៍ការពារជាតិ និងសន្តិសុខ ឆ្នាំ២០២២ ត្រូវបានប្រារព្ធពិធីបើកដោយឯកឧត្តម ប្រាយុទ្ធ ចាន់អ៊ូចា រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ និងគណៈប្រតិភូយោធាបរទេស និង ក្រុមហ៊ុនផ្នែកឧស្សាហកម្មយោធាជាច្រើនទៀត ដែលបានមកដាក់តាំងបង្ហាញផលិតផលរបស់ខ្លួនក្នុងពិព័ណ៌នេះ។ នៅក្នុងពិធីបើកការតាំងពិព័ណ៌ ការពារជាតិ និង សន្តិសុខ ឆ្នាំ២០២២ ឯកឧត្តម ប្រាយុទ្ធ ចាន់អ៊ូចា បានថ្លែងអំណរគុណដល់បណ្តាគណៈប្រតិភូការពារជាតិ និងប្រតិភូយោធាបរទេសបណ្តាអង្គទូត និងប្រតិបត្តិករផ្នែកឧស្សាហកម្មការពារជាតិដែលបានអញ្ជើញមកចូលរួម ក្នុងពិធីដាក់តាំងបច្ចេកវិជ្ជាយោធានៅក្នុងពិធីតាំងពិព័ណ៌ ការពារជាតិ និង សន្តិសុខឆ្នាំ២០២២ នេះនៅប្រទេសថៃ ។
នៅក្នុងឱកាសនោះ សម្ដេចពិជ័យសេនាទៀ បាញ់ នាយឧត្តមសេនីយ៍ វង្ស ពិសេន នាយឧត្តមសេនីយ៍ សឹង សំណាង និងឧត្តមនាវីឯក ទៀ សុខា បានដឹកនាំប្រតិភូទស្សនាការតាំងពិព័រណ៍ ដែលបាន ដាក់តាំងនូវឧបករណ៍ សម្ភារៈយោធា មានបច្ចេកវិជ្ជាទំនើបៗ នៅក្នុងឆ្នាំ ២០២២ បំរើអោយវិស័យការពារជាតិ ដោយមានការចូលរួមពីបណ្តាប្រទេសនានានៅក្នុងតំបន់ និងនៅលើពិភពលោក៕