
ក្រចេះ: ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ នាយកសាលាភូមិន្ទរដ្ឋបាលនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចិត្របុរី និងសហការី ព្រមទាំងគណៈគ្រប់គ្រងនៃសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញចុះអនុវត្តគម្រោងអភិវឌ្ឍន៍ ”សហគមន៍បៃតង” ដែលជាគម្រោងការងារសង្គមរបស់ កម្មសិក្សាការីវគ្គវិក្រឹតការមន្រ្តីជាន់ខ្ពស់ឆ្នាំ២០២២ ថ្នាក់នគរភ្នំ នៃសាលាភូមិន្ទរដ្ឋបាល ក្រោមប្រធានបទ ចូលរួម លើកកម្ពស់សុខុមាលភាព បរិស្ថាន និងការអប់រំនៅភូមិយើង។ នៅឃុំចង្រ្កង់ស្រុកចិត្របុរី ខេត្តក្រចេះព្រឹក ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២។
ឯកឧត្តម យក់ ប៊ុនណា បានជម្រាបជូនប្រជាពលរដ្ឋថា ថ្ងៃនេះកម្មសិក្សាការីវគ្គវិក្រឹតការមន្រ្តីជាន់ខ្ពស់ឆ្នាំ២០២២ ថ្នាក់នគរភ្នំ នៃសាលាភូមិន្ទរដ្ឋបាល ឮសហការជាមួយគណៈគ្រប់គ្រងនៃសាលា ភូមិន្ទរដ្ឋបាលបានរៀបចំបង្កើតគម្រោងអភិវឌ្ឍន៍ ”សហគមន៍បៃតង”ដែលជាការងារសង្គមក្រៅពីការសិក្សា ក្នុងគោលបំណងដើម្បីចូលរួមជួយអភិវឌ្ឍក្នុងមូលដ្ឋាន ចែករំលែកការលំបាករបស់អ្នកគ្រូលោកគ្រូនិងសិស្សានុសិស្សនៅក្នុងតំបន់ដាច់ស្រយាលជាពិសេសជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យបានប្រសើរឡើងថែមទៀត។
ជាក់ស្ដែងថ្ងៃនេះ ឯកឧត្តម យក់ ប៊ុនណា បាននាំយកនូវ ឬស្សីទំពាំងផ្អែម ដែលទទួលបានការឧបត្ថម្ភគាំទ្រពី ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ទៅចែកជូនប្រជាពលរដ្ឋនៅភូមិល្អ ឃុំចង្រ្កង់ ស្រុកចិត្របុរី ខេត្តក្រចេះ គ្រប់ខ្នងផ្ទះ ចំនួន ៥៦០ខ្នងផ្ទះ (ស្មើនឹងឬស្សី ៥៦០ដើម) និង ដាំឬស្សី ២១០ដើមក្នុងបរិវេណសាលាបឋមសិក្សាល្អ ក្រៅពីនេះ កម្មសិក្សាការី ក៏បាននាំយកមកនូវកូនដើមក្រញ៉ូង ៥០ដើម មកដាំនៅក្នុងបរិវេណសាលាបឋម សិក្សាល្អ ផងដែរ។
ដើម្បីជួយជម្រុញតំបន់នេះទៅជាតំបន់បៃតងជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
សូមរំលឹកថា ក្រៅពីការបណ្ដុះបណ្ដាលនូវចំណេះដឹងជំនាញទន់និងជំនាញរឹងដល់កម្មសិសក្សាការី សាលាភូមិន្ទរដ្ឋបាលបានជម្រុញនិងលើកទឹកចិត្តដល់កម្មសិក្សាការីទាំងអស់គ្រប់ជំនាន់ឱ្យចេះចូលរួមធ្វើការងារសង្គមចុះអនុវត្តផ្ទាល់នៅតាមមូលដ្ឋានតំបន់ដាច់ស្រយាលដើម្បីស្វែងយល់ឱ្យបានច្បាស់ពីស្ថានភាពការរស់នៅរបស់ប្រជាពលរដ្ឋនិងការអភិវឌ្ឈនៅតាមមូលដ្ឋានដែលជាមូលដ្ឋានមួយជាទុនជាបទពិសោធន៍ដ៍ល្អដល់កម្មសិក្សាការីនៅពេលបញ្ចប់ការសិក្សាសម្រាប់យកទៅអនុវត្តបន្តនៅតាមមូលដ្ឋាននិងស្ថាប័នរបស់ខ្លួនចូលរួមការអភិវឌ្ឍប្រទេសជាមួយរាជរដ្ឋាភិបាល។
ក្នុងឱកាសនោះ កម្មសិក្សាការី បាននាំយកនូវសម្ភារៈមួយចំនួនដើម្បើចែកជូនប្រជាពលរដ្ឋ និង សិស្សានុសិស្ស អ្នកគ្រូលោកគ្រូ មានដូចខាងក្រោម៖
១. ប្រគេនទេយ្យទាន ទានវស្សា និងបច្ច័យ ជូនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តល្អ
២. ផ្តល់កាបូប និងសម្ភារសិក្សា ជូនសិស្សានុសិស្ស ១៥០នាក់
៣. ឧបត្ថម្ភថវិកា ជូនលោកគ្រូអ្នកគ្រូ ៧នាក់
៤. ឧបត្ថម្ភថវិកា ជូនជនពិការ ៥នាក់
៥. ផ្តល់ថ្នាំពេទ្យ ៥៦០កញ្ចប់ ជូនប្រជាពលរដ្ឋ
៦. ផ្តល់ថ្នាំពេទ្យ ១០០កញ្ចប់ ជូនមណ្ឌលសុខភាពចង្ក្រង់
៧. ប្រគល់កុំព្យូរទ័រ និងម៉ាស៊ីនព្រីនធ័រ មួយឈុត ជូនរដ្ឋបាលឃុំចង្រ្កង់
៨. បានផ្តល់ ម៉ាស់ និងក្រដាសសើម ចំនួន ១៥០កញ្ចប់ ជូនដល់សិស្សានុសិស្ស
៩.បានផ្តល់ ជែលលាងដៃ ចំនួន ១៥០ ដប ដល់សិស្សានុសិស្ស








