បាល់ទាត់៖ ក្លិបញញួរធំ West Ham បានប្រកាសពីការមកដល់របស់ខ្សែបម្រើប្រេស៊ីល Lucas Paqueta ដែលផ្ទេរមកពីក្លិបបារាំង Olympique Lyon ក្នុងតម្លៃបំបែកកំណត់ត្រាក្លិប។ កីឡាករវ័យ ២៥ឆ្នាំរូបនេះបានចុះហត្ថលេខារយៈពេល ៥ឆ្នាំផ្ទេរមកកាន់ West Ham ក្នុងតម្លៃ ៣៦.៥លានផោនបូកនឹងប្រាក់បន្ថែមផ្សេងៗអាចនឹងកើនដល់ ៥០លានផោន ដែលតម្លៃនេះបានបំបែកកំណត់ត្រាការចំណាយកន្លងមកដែលធ្លាប់ទិញ Sebastian Haller ពី Eintracht Frankfurt តម្លៃ ៤៥លានផោនកាលពីឆ្នាំ២០១៩។
Lucas Paqueta បានស៊ុតបញ្ចូលទី ៩គ្រាប់បញ្ជូន ៦ ក្នុងការបង្ហាញខ្លួន ៣៥ប្រកួតនៅក្របខណ្ឌបារាំង Ligue 1 រដូវកាលមុន។ លោក David Moyes បានបញ្ជាក់ពីការចាប់អារម្មណ៍កីឡាករប្រេស៊ីលរូបនេះ តាមរយៈស្ថិតិកន្លងមកដែលក្រុមការងារបានអង្កេត។ Lucas Paqueta ដែលស៊ុតបញ្ចូលទីបាន ៧គ្រាប់ក្នុងការបង្ហាញខ្លួន ៣៣ប្រកួតឱ្យក្រុមជម្រើសជាតិប្រេស៊ីលនោះគឺជាសមាជិករបស់ Lyon នៅពេលជួប West Ham រដូវកាលមុននៅវគ្គ ៨ក្រុមចុងក្រោយ UEFA Europa League ដែល West Ham យកឈ្នះទាំងពីរជើង ៤-១។
សរុបស្ថិតិជាមួយ Lyon, Lucas Paqueta បង្ហាញខ្លួនសរុប ៨០ប្រកួតស៊ុតបញ្ចូលទីបាន ២១គ្រាប់បញ្ជូន ១៤ តាំងពីផ្លាស់ពី AC Milan ២ឆ្នាំមុន។ West Ham ថ្មីៗនេះទើបតែទិញបានខ្សែការពារប្រេស៊ីល Emerson Palmieri ផងដែរពី Chelsea។ ចាប់ផ្តើមរដូវកាលថ្មី English Premier League ក្រុមញញួរធំ West Ham ទើបរកបាន ៣ពិន្ទុដំបូងក្រោយយកឈ្នះនៅទឹកដី Aston Villa៕
អត្ថបទ៖នាង សុភាវុធ