វ៉ូវីណាម៖ ការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣ នឹងត្រូវធ្វើជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជាកំឡុងខែមីនា ឆ្នាំ២០២៣ បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ (CAMSOC) អនុញ្ញាតជាគោលការណ៍។
យោងសេចក្តីជូនដំណឹងរបស់ CAMSOC សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអនុញ្ញាតឱ្យសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា រៀបចំការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ។ CAMSOC នៅបានឱ្យសហព័ន្ធសាមីរៀបចំបទបញ្ជាការប្រកួតជាភាសាអង់គ្លេស សហការជាមួយគណៈកម្មការហិរញ្ញវត្ថុ និងផ្គត់ផ្គង់រៀបចំគម្រោងចំណាយ និងធ្វើរបាយការណ៍ជូន CAMSOC ក្រោយបញ្ចប់ការប្រកួត។
ឯកឧត្តម អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាធ្លាប់បានបញ្ជាក់ថា ការប្រកួតវ៉ូវីណាមអាស៊ីអាគ្នេយ៍នេះជាការត្រៀម និងវាស់ស្ទង់កម្រិតរបស់វ៉ូវីណាមកម្ពុជាជាមួយបណ្តាប្រទេសក្នុងតំបន់ និងការឆ្ពោះទៅប្រកួស៊ីហ្គេម ២០២៣ កំឡុងខែឧសភា ឆ្នាំ២០២៣។ ប្រកួតឆ្នាំក្រោយនេះ វិញ្ញាសា ៣០ នឹងត្រូវដាក់ឱ្យអត្តពលិកវ៉ូវីណាមនៅអាស៊ីអាគ្នេយ៍ប្រកួតប្រជែង។ សូមរំលឹកថា ក្នុងការប្រកួតស៊ីហ្គេមលើកទី៣១ នៅវៀតណាមនាពេលថ្មីៗនេះ វ៉ូវីណាមជាប្រភេទកីឡាដែលដណ្តើមបានមេដាយច្រើនជាងគេក្នុងនោះមាស ៣គ្រឿង, ប្រាក់ ២គ្រឿង និងសំរឹទ្ធ ៩គ្រឿង សរុប ១៤គ្រឿង៕
អត្ថបទ៖ គង់ ហួន