បាល់ទាត់៖ ក្លិបអេស្ប៉ាញ Valencia បានបញ្ជាក់ពីការឈានដល់កិច្ចព្រមព្រៀងក្នុងការនាំយកខ្សែប្រយុទ្ធអ៊ុយរូហ្កាយ Edinson Cavani។ អតីតខ្សែប្រយុទ្ធក្រុមបិសាចក្រហម Manchester United រូបនេះបានព្រមព្រៀងកិច្ចសន្យាពីរឆ្នាំដែលនឹងរក្សារូបគេនៅកីឡដ្ឋាន Mestalla រហូតដល់ឆ្នាំ២០២៤។

កីឡាករវ័យ ៣៥ឆ្នាំរូបនេះបានស៊ុតបញ្ចូលទី ១២គ្រាប់នៅ English Premier League រយៈពេល ២រដូវកាលនៅ Manchester United ក្រោយផ្លាស់ពី Paris Saint Germain នៅខែតុលា ឆ្នាំ២០២០។ Valencia ដែលបច្ចុប្បន្នកំពុងឈរលេខ១៤ នៅ La Liga បានប្រកាសពីភាពជោគជ័យរបស់ខ្លួននៃការមកដល់របស់ Edinson Cavani ដែលធ្លាប់បានស៊ុតបញ្ចូលទីគ្រប់ទិសទីរាល់ក្លិបដែលឆ្លងកាត់ និងធ្លាប់ឈ្នះពានសំខាន់ៗ ២៥។
រំលឹកថា Edinson Cavani ធ្លាប់មានអាជីពជោគជ័យបំផុតនៅក្លិបបារាំង Paris Saint Germain ដោយបង្ហាញខ្លួនសរុប ២០០ប្រកួតរកបាន ១៣៨គ្រាប់ឈ្នះពានលីគកំពូលបារាំង ៦លើក, Coupe de France ៥លើក, Coupe de la Ligue ៦លើក, Trophee des Champions ៤លើក និងជើងឯករង UEFA Champions League មួយលើកកាលពីឆ្នាំ២០២០ ពេល PSG ចាញ់ Bayern Munich នៅវគ្គផ្តាច់ព្រ័ត្រ និងជើងឯករង Europa League មួយលើកពេល Manchester United ចាញ់ Villarreal នៅវគ្គផ្តាច់ព្រ័ត្រ។ ជាមួយក្រុមជម្រើសជាតិអ៊ុយរូហ្កាយ Edinson Cavani បង្ហាញខ្លួនសរុប ១៣៣ប្រកួតរកបាន ៥៨គ្រាប់ឈ្នះជើងឯក Copa America មួយលើកកាលពីឆ្នាំ២០១១៕
អត្ថបទ៖នាង សុភាវុធ