ភ្នំពេញ៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បន្តចូលរួមយុទ្ធការចុះចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសដោយឥតគិតថ្លៃ និងឥតគិតថវិកាបេសកកម្ម។
ជាក់ស្តែងនៅព្រឹកថ្ងៃទី៣០ ខែសីហានេះ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បានសហការជាមួយក្រុមគ្រូពេទ្យ នៃមនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចាប់ពីដូសមូលដ្ឋាន រហូតដល់ដូសជំរុញទី៥ ជូនប្រជាពលរដ្ឋ ដើម្បីឈានទៅបញ្ចប់ការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។
ជាមួយគ្នានោះដែរប្រជាពលរដ្ឋ ក្មេង ចាស់ ប្រុស ស្រី មកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩បង្ហាញពីអារម្មណ៍រីករាយណាស់ ដែលទទួលបានភាពកក់ក្តៅពីលោកគ្រូពេទ្យ អ្នកគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី និងគ្រូពេទ្យនៃមនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ បានចាក់វ៉ាក់សាំងជូន ជាពិសេសសូមគោរពថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា យកចិត្តទុកដាក់ចំពោះសុខទុក្ខ របស់ប្រជាពលរដ្ឋជារៀងរហូតមក។
បើតាមឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងថា ក្នុងរយៈពេលជាង១០ឆ្នាំ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ដោយផ្ទាល់ការចង្អុលបង្ហាញជាប្រចាំប្រកបដោយទស្សនវិស័យវែងឆ្ងាយ និងប្រាកដប្រជាគួរឱ្យគោរពកោតសរសើរ របស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដែលមានក្រុមគ្រូពេទ្យចំនួន ៦,៧៧៩នាក់ ក្នុងនោះស្ត្រីមានចំនួន ៣,៦៩៦នាក់ ដឹកនាំនិងសម្របសម្រួលដោយរូបឯកឧត្តមផ្ទាល់ បានបំពេញបេសកកម្មដ៏ថ្លៃថ្លាដោយទទួលបានលទ្ធផលប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលជាច្រើនឥតគណនា ក្នុងការចូលរួមអប់រំផ្សព្វផ្សាយ ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស សង្គ្រោះបឋម យកសំណាក រកវីរុសកូវីដ-១៩ និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃក្នុង ២៥រាជធានី-ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា និងបានពិនិត្យព្យាបាលជំងឺ និងចែកថ្នាំជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ជាពិសេសនៅពេលប្រទេសជាតិទទួលរងការរាតត្បាតនៃជំងឺកូវីដ-១៩ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការដឹកនាំសម្របសម្រួលដោយផ្ទាល់ពី ឯកឧត្តមប្រធាន ហ៊ុន ម៉ានី ក្រុមការងារគ្រូពេទ្យស្មគ្រ័ចិត្តឯកឧត្តម ហ៊ុន ម៉ានី ចំនួន២,៩៤៥នាក់ បានចុះបេសកកម្មតាមការឧទ្ទេសនាមរបស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយស្ម័គ្រចិត្តឥតគិតថវិកាបេសកកម្ម ដោយចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ក្នុង២៥ រាជធានី-ខេត្ត៕ អត្ថបទ រដ្ឋា



