ភ្នំពេញ៖ សមាគមអតីតយុទ្ធជនកម្ពុជា គ្រោងបញ្ចប់ការសាងសង់ដំណាក់កាលទី ២ ដោយនឹងប្រគល់ផ្ទះចំនួន ៤០០ខ្នងបន្ថែមទៀតជូនអតីតយុទ្ធជនក្នុងខេត្ត៤ មានខេត្តបាត់ដំបង ឧត្តរមានជ័យ កំពង់ឆ្នាំង និងព្រះសីហនុ នៅដំណាច់ឆ្នាំ ២០២២ នេះ។
ក្រោយពេលចុះពិនិត្យដំណើរការសាងសង់ផ្ទះជូនអតីតយុទ្ធជន ស្ថិតក្នុងឃុំដូនបារ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាននិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានឱ្យដឹងថា ដើម្បីឆ្លើយតបទៅនឹងការលំបាក និងលើកស្ទួយជីវភាពរបស់អតីតយុទ្ធជន ជារៀងរាល់ឆ្នាំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានសមាគម បានណែនាំឱ្យបន្តសកម្មភាពដំណើរការសាងសង់ផ្ទះ និងរៀបចំដីសម្បទានសង្គមកិច្ចសម្រាប់ចែកជូនអតីតយុទ្ធជន។
នាយឧត្តមសេនីយ៍ គន់ គីម បន្តថា ជាក់ស្តែងនាពាក់កណ្តាលឆ្នាំនេះ សមាគមអតីតយុទ្ធជនកម្ពុជា បានខិតខំ និងគ្រោងប្រគល់ផ្ទះចំនួន៤០០ខ្នងដែលនឹងសាងសង់រួចបន្ថែមទៀត ជូនដល់អតីតយុទ្ធជនមុនដំណាច់ឆ្នាំ២០២២។
នាយឧត្តមសេនីយ៍ គន់ គីម បានអំពាវនាវដល់អតីតយុទ្ធជនទាំងអស់ សូមបន្តរក្សាស្មារតី វីរភាពដ៏ឧត្តុង្គឧត្តម និងសេចក្តីថ្លៃថ្នូរ ក្នុងនាមជាប្រជាពលរដ្ឋឆ្នើមរបស់ជាតិមាតុភូមិ ដើម្បីបន្តធ្វើជាគំរូល្អក្នុងសង្គមជាតិ ហើយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ទូទាំងប្រទេសពិតជាចងចាំជានិច្ច នូវការលះបង់និងគុណបំណាច់ដ៏ធំធេងរបស់បងប្អូនអតីតយុទ្ធជនគ្រប់រូបចំពោះជាតិមាតុភូមិ ។
បន្ថែមលើសពីនេះ នាយឧត្តមសេនីយ៍ គន់ គីម ក៏បានជំរុញឱ្យថ្នាក់ដឹកនាំសមាគមគ្រប់ថ្នាក់ត្រូវបន្តយកចិត្តទុកដាក់ដល់អតីតយុទ្ធជនដែលកំពុងរស់នៅតាមឃុំ-សង្កាត់ ដោយត្រូវបែងចែកភារកិច្ចគ្នាចុះជួបសំណេះសំណាល ផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទជាមួយអតីតយុទ្ធជនតាមខ្នងផ្ទះនីមួយៗឱ្យប្រាកដថា គ្រួសារដែលជួបការលំបាកទាំងអស់ទទួលបានការជួយពីសមាគមអតីតយុទ្ធជនកម្ពុជា៕អត្ថបទ សេក ឧត្តម