កណ្ដាល៖ នៅពេលបច្ចុប្បន្ន នៅតាមផ្ទះដែលមានប្រកបរបររកស៊ីខ្នាតតូចនៅតាមមូលដ្ឋាននានា គឺមានការបើកល្បែងឆ្នោតផ្សងសំណាងទ្រង់ទ្រាយតូច និងទ្រង់ទ្រាយធំមានច្បាប់ មានអាជ្ញាបណ្ណអនុញ្ញាតឲ្យបើកត្រឹមត្រូវ ប៉ុន្តែសម្រាប់ការបើកនេះ អាជ្ញាធរមូលដ្ឋាន ក៏ដូចជាបណ្តាប្រជាពលរដ្ឋនៅភ្នំពេញ និងខេត្តកណ្តាល បានបង្ហាញការព្រួយបារម្ភចំពោះរីកដុះដាលការបើកល្បែងផ្សងសំណាងនេះលឿនពេក ដែលធ្វើឲ្យប៉ះពាល់ជីវភាព និងការរកចំណូលប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
បើតាមលោកស្រី សឿង សេរី ចៅសង្កាត់ដង្កោ រាជធានីភ្នំពេញ ថ្លែងប្រាប់BTVនៅថ្ងៃទី៣០ខែសីហានេះថា នៅពេលបច្ចុប្បន្នអាជ្ញាធរមូលដ្ឋាន នៅក្នុងសង្កាត់របស់លោកស្រីបាននឹងកំពុងចុះត្រួតពិនិត្យ ច្បាប់អនុញ្ញាត និងសុពលភាពអាជ្ញាបណ្ណបើកអាជីវកម្មនានានៅក្នុងមូលដ្ឋានខ្លួន ប៉ុន្តែសម្រាប់ច្បាប់អនុញ្ញាត និងអាជ្ញាបណ្ណបើកល្បែងផ្សងសំណាងឆ្នោតឡូតូ ដែលមានដាក់បង្ហាញផ្ទាំងកញ្ចក់ទូរទស្សន៍នេះ យើងមានការពិបាកគ្រប់គ្រងទីតាំងរបស់គេឲ្យបានច្បាស់លាស់ ហើយពលរដ្ឋមួយចំនួនបានបើកល្បែងផ្សងសំណាងនោះ គឺបានកូពីអាជ្ញាបណ្ណនោះ ទៅបើកនៅទីតាំងថ្មីៗច្រើនទៀត ដោយមិនមានការសុំការអនុញ្ញាតពីសាលាសង្កាត់នោះទេ។
ពលរដ្ឋ បានថ្លែងថា សម្រាប់ការបើកល្បែងផ្សងសំណាងស្របច្បាប់នេះគឺមានទីតាំងមួយចំនួនមានបើកល្បែងមិនស្របច្បាប់ទៅជាមួយគ្នាដូចជា ល្បែងឆ្នោតវៀតណាម និងល្បែងហ្គេមអនឡាញជាដើម ដែលបញ្ហានេះពលរដ្ឋសើ្នសុំអាជ្ញាធរ និងក្រុមហ៊ុនសាមីជួយចុះត្រួតពិនិត្យការបើកឲ្យបានត្រឹមត្រូវ ជាពិសេសត្រួតពិនិត្យការបើកនៅជិតសាលារៀនបង្កការរំខានសិស្សកំពុងសិក្សាជាដើម។
បើតាមមន្ត្រីជំនាញអង្គភាពច្រកចេញចូលតែមួយ របស់រដ្ឋបាលខេត្តកណ្តាល បានថ្លែងថា នៅក្នុងអង្គភាពច្រកចេញចូលតែមួយខេត្តកណ្តាល មិនមានបើកសេវាផ្តល់ច្បាប់ ផ្តល់អាជ្ញាបណ្ណបើកអាជីវកម្មឆ្នោតឡូតូ និងល្បែងផ្សងសំណាងនោះទេ ខណៈការផ្តល់ច្បាប់អនុញ្ញាត និងផ្តល់អាជ្ញាបណ្ណសម្រាប់បើកអាជីវកម្មនានាទៀត គឺអង្គភាព មានផ្តល់អាជ្ញាបណ្ណដែលមានសុពលភាពរយៈពេល១ឆ្នាំនិង២ឆ្នាំម្តង ហើយមានទីតាំងមួយច្បាស់លាស់និងងាយស្រួលអាជ្ញាធរគ្រប់គ្រង។
សូមបញ្ជាក់ថា តាមការឲ្យដឹងពីប្រភពក្រៅផ្លូវការពីពលរដ្ឋដែលបានបើកល្បែងផ្សងសំណាងនេះ គឺដំបូងមានតំណាងក្រុមហ៊ុនឡូតូ ធ្វើសកម្មភាពដោយចុះមកសាកសួរជួលផ្ទះ រួចហើយផ្តល់ការរៀបចំដំឡើងទូរទស្សន៍កុំព្យូទ័របំពាក់ internet និងមានការផ្តល់ប្រាក់ខែប្រមាណ ១៥០ដុល្លារទៅ២០០ដុល្លាអាមេរិចក្នុងមួយខែទៅតាមកម្រិតទីតាំងពលរដ្ឋចូលសេវាតិច ឬច្រើនផងដែរ៕ អត្ថបទ ស៊ុម សុខជា


