ភ្នំពេញ៖ ក្រសួងសុខាភិបាលប្រកាសនៅថ្ងៃនេះថា បុរសជនជាតិចិនម្នាក់ទៀតអាយុ៤២ឆ្នាំ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ១៩កាលពីយប់ថ្ងៃម្សិលមិញនេះ ដែលនាំឱ្យតួលេខអ្នកស្លាប់សរុបកើនដល់ ២១នាក់ហើយនៅត្រឹមថ្ងៃនេះ។
ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួននៅថ្ងៃនេះ ក្រសួងសុខាភិបាលបញ្ជាក់ថា បុរសជនជាតិចិនរូបនេះ ដែលរស់នៅក្នុងខណ្ឌ៧មករា រាជធានីភ្នំពេញ បានស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បន្ទាប់ពីសួតទាំងសងខាងរបស់គាត់ ត្រូវបានបំផ្លាញដោយសារវីរុសកូវីដ១៩។
បើតាមក្រសួងសុខាភិបាល បុរសជនជាតិចិនរូបនេះ ត្រូវបានរកឃើញឆ្លងវីរុសកូរ៉ូណាកាលពីថ្ងៃទី២៧ ខែមីនា ហើយក៏ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតជាមួយស្ថានភាពធ្ងន់ធ្ងរ។
តួលេខចេញដោយក្រសួងសុខាភិបាល បានឱ្យដឹងថា តួលេខមនុស្សស្លាប់ដោយជំងឺកូវីដ១៩នៅកម្ពុជា បានកើនឡើងដល់ចំនួន ២១នាក់ហើយនៅគិតចាប់តាំងពីថ្ងៃទី១១ ខែមីនាកន្លងមកនេះ ដែលកម្ពុជាមានករណីស្លាប់លើកដំបូង ក្នុងនោះមានជនជាតិចិន ២នាក់ និងជនជាតិកូរ៉េម្នាក់៕ អត្ថបទ៖ សុខធី
