ហៃទី៖ ក្រុមអ្នកតវ៉ារាប់រយនាក់បានចេញធ្វើបាតុកម្មតាមដងផ្លូវ នៅរដ្ឋធានីព័រអូប្រាំង ប្រទេសហៃទី កាលពីថ្ងៃចន្ទដើម្បីទាមទារឱ្យនាយករដ្ឋមន្ត្រីលោក Ariel Henry ចុះចេញពីតំណែង។ នេះគឺជាការតវ៉ាលើកទីពីរក្នុងខែនេះ។ កាលពីសប្តាហ៍មុន មនុស្សរាប់ពាន់នាក់បានធ្វើបាតុកម្មនៅទីក្រុងមួយចំនួនក្នុងប្រទេសនេះ ដើម្បីអំពាវនាវឲ្យបណ្តេញចេញនាយករដ្ឋមន្ត្រី។

ក្រុមបាតុករបានដុតសំបកកង់រថយន្ត និងព្យាយាមបិទផ្លូវបណ្តាលឱ្យមានការប៉ះទង្គិចគ្នាជាមួយនគរបាល ដែលបានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកហ្វូងមនុស្ស។ ក្រុមអ្នកតវ៉ាបានដាក់កំហុសលើនាយករដ្ឋមន្ត្រី ចំពោះការកើនឡើងថ្លៃទំនិញខ្ពស់សម្រាប់ជីវភាពរស់នៅ និងការរាលដាលអំពើហិង្សា។ អំពើហិង្សា និងការចាប់ជំរិតបានកើនឡើងនៅក្នុងទីក្រុងព័រអូប្រាំង និងតំបន់ក្បែរនោះក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយក្រុមជនអន្ធពាលបានសម្លាប់ជនស៊ីវិលរាប់រយនាក់នៅក្នុងការប្រយុទ្ធគ្នាលើទឹកដីនេះ។ ក្រុមជនអន្ធពាលមានអំណាចកាន់តែខ្លាំងចាប់តាំងពីការធ្វើឃាតប្រធានាធិបតីលោក Jovenel Moïse កាលពីឆ្នាំមុន។
ភាពក្រីក្រក៏កាន់តែធ្លាក់ជ្រៅដោយអតិផរណាឈានដល់ 29% ហើយតម្លៃទំនិញមូលដ្ឋានមួយចំនួនដូចជាតម្លៃអង្ករ បានកើនឡើងជាងបួនដង។ ប្រេងសាំងខ្វះខាត ហើយប្រសិនបើអាចរកបានគឺមានតម្លៃរហូតដល់ ១៥ដុល្លារក្នុងមួយហ្គាឡុង។ សកម្មជននយោបាយលោក Jean Ronald បានប្រាប់សារព័ត៌មាន AP កាលពីថ្ងៃចន្ទថា យើងនឹងមិនបញ្ឈប់ការប្រមូលផ្តុំនេះទេ ហើយយើងនឹងបង្ហាញពួកគេថា យើងមិនខ្លាចទេ យើងស៊ូស្លាប់ដើម្បីក្រោកឈរឡើងប្រឆាំង៕
អត្ថបទ៖ ប៊ុនថន