វាយកូនបាល់៖ កីឡាករវាយកូនបាល់លំដាប់លេខ ១ ពិភពលោក Daniil Medvedev បានចាប់ផ្តើមការពារតំណែងជើងឯក Grand Slam, US Open របស់ខ្លួនជាមួយនឹងជ័យជំនះនៅជុំដំបូងលើកីឡាករម្ចាស់ផ្ទះអាមេរិក Stefan Kozlov។ កីឡាករវ័យ ២៦ឆ្នាំរូបនេះបានយកឈ្នះគូប្រកួតរបស់ខ្លួនជាមួយនឹងជ័យជំនះ ៣សិតផ្ទួនៗ ៦-២, ៦-៤ និង ៦-០។
Daniil Medvedev គឺជាជើងឯក US Open ឆ្នាំមុនដែលជាជើងឯក Grand Slam ដំបូងរបស់ខ្លួនក្រោយយកឈ្នះកីឡាករស៊ែប Novak Djokovic ដែលមិនអាចចូលរួមការប្រកួតឆ្នាំនេះបានដោយសារបញ្ហាវ៉ាក់សាំងកូវីដ-១៩។ ជុំបន្ត Daniil Medvedev នឹងជួបជាមួយកីឡាករបារាំង Arthur Rinderknech នៅជុំទី២។ ចំណែកឯកីឡាករស្កុតឡេន Andy Murray ក៏បានបន្តដំណើរទៅជុំទី២ ដែរក្រោយយកឈ្នះកីឡាករលំដាប់លេខ ២៤ អាហ្សង់ទីន Francisco Cerundolo ៧-៥, ៦-៣ និង ៦-៣។ អតីតកីឡាករលំដាប់លេខ ១ ពិភពលោកវ័យ ៣៥ឆ្នាំរូបនេះនឹងបន្តជួបជាមួយកីឡាករម្ចាស់ផ្ទះអាមេរិកវ័យ ២០ឆ្នាំ Emilio Nava នៅជុំទី២។
លទ្ធផលសំខាន់ៗផ្សេងទៀតរួមមានជើងឯករង Wimbledon ឆ្នាំមុនកីឡាករអ៊ីតាលី Matteo Berrettini យកឈ្នះកីឡាករស៊ីលី Nicolas Jarry តែជើងឯកឆ្នាំ២០២០ Dominic Thiem បានធ្លាក់ពីការប្រកួតហើយក្រោយចាញ់កីឡាករអេស្ប៉ាញ Pablo Carreno Busta និងកីឡាករអេស្ប៉ាញលំដាប់លេខ ១៦ Roberto Bautista Agut ក៏ធ្លាក់ចេញពីការប្រកួតដែរក្រោយចាញ់កីឡាករម្ចាស់ផ្ទះអាមេរិក JJ Wolf៕
អត្ថបទ៖នាង សុភាវុធ