ភ្នំពេញ ៖ សេចក្តីព្រាងក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋមនៅកម្ពុជា អាចនឹងបញ្ចប់នៅមុខខែតុលា ឆ្នាំ២០២២ បន្ទាប់មកនឹងយកសេចក្តីព្រាងនេះ ដាក់ជូនឯកឧត្តមរដ្ឋមន្រ្តីក្រសួងសុខាភិបាលសម្រេច។នេះបើតាមប្រសាសន៍មន្រ្តីជំនាញនៃក្រសួងសុខាភិបាល។
លោកជំទាវវជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារអភិវឌ្ឍ និងគ្រប់គ្រងក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋម ដែលហៅកាត់ (ក.ជ.ថ.ស.ប) រួមជាមួយ លោកស្រីវេជ្ជបណ្ឌិតលី អាយលែន( Li Ailan) តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា និងលោកស្រីហ្វ័ររូ ហ្វ័រយូហ្សាត(Foroogh Foyouzat) តំណាងអង្គការយូនីសែហ្វ (UNICEF) ប្រចាំនៅកម្ពុជា នៅថ្ងៃទី៣០ខែសីហាម្សិលមិញ បានអញ្ចើញចូលរួមជាអធិបតីភាពក្នុងពិធីបើកសិក្ខាពិគ្រោះយោបល់ លើសេចក្តីព្រាងក្របខ័ណ្ឌជំរុញការអនុវត្តន៍ថែទាំសុខភាពបឋមនៅកម្ពុជា ដែលធ្វើឡើងនៅ សណ្ឋាគារហ្គាដិនស៊ីធី រាជធានីភ្នំពេញ។
នៅក្នុងឱកាសនោះលោកជំទាវឱ វណ្ណឌីន មានប្រសាសន៍ថា ការថែទាំសុខភាពបឋម (PHC) គឺជាមូលដ្ឋានគ្រឹះ ក្នុងការសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល (Universal Health Coverage) និងដើម្បីការពារ និងគ្រប់គ្រងឆ្លើយតប ទាំងជំងឺឆ្លង និងជំងឺមិនឆ្លង ក៏ដូចជាការធានាសុវត្ថិភាពសុខភាពផងដែរ។លើសពីនេះ លោកជំទាវបន្តថា ក្នុងសិក្ខាសាលារយៈពេល ២ថ្ងៃ ពោលចាប់ពីថ្ងៃទី៣០ រហូតថ្ងៃទី៣១ខែសីហានេះ នឹងទទួលបាននូវយោបល់ ឬអនុសាសន៍ល្អៗ ពីមន្រ្តីសុខាភិបាល និងដៃគូរពាក់ព័ន្ធទាំងជាតិ និងអន្តរជាតិ សម្រាប់បញ្ចប់សេចក្តីព្រាងក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋមនៅកម្ពុជា ដែលគ្រោងនឹងបញ្ចាប់នៅមុនខែតុលា ឆ្នាំ២០២២ ដើម្បីគោរពដាក់ជូន សូមការសម្រេចពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល។
លោកស្រីវេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំកម្ពុជាបានលើកឡើងដែរថា ដើម្បីសម្រេច ការជំរុញបង្កើនការងារថែទាំសុខភាពបឋមនៅកម្ពុជា WOH នឹងបន្តគាំទ្រដល់ក្រសួងសុខាភិបាលរហូតទទួលបានជោគជ័យលើការងារនេះ។
ការថែទាំសុខភាពបឋម គឺជាការថែទាំសុខភាពជាសារវន្ត ដោយផ្តោតលើវិធីសាស្រ្ត និងបច្ចេកវិទ្យាជាក់ស្តែង និងមានលក្ខណៈវិទ្យាសាស្រ្ត ត្រឹមត្រូវដែលសង្គមជាតិអាចទទួលយកបាន និងអាចផ្តល់ជូនគ្រប់បុគ្គល និងគ្រប់ក្រុមគ្រួសារនៅសហគមន៍ តាមរយៈការចូលរួមដ៍ពេញលេញរបស់គេព្រមទាំងថ្លៃដែលសគមន៍ និងប្រទេសជាតិអាចរកប្រាក់បង់បាន៕ អត្ថបទ ៖ ទូច សោភ័ណ


