ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានជំរុញឲ្យលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ពិនិត្យមើលឱ្យបានដិតដល់លើការប្រឡងបវរកញ្ញា ខណៈកាលពីពេលថ្មីៗនេះមានកម្មវីប្រឡងបវរកញ្ញាមួយ (Miss Grand Cambodia 2022) ទទួលបានរិះគន់យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ ដែលទាមទារឱ្យក្រសួង ហៅមកផ្តល់យោបល់ អប់រំ ណែនាំ។
សម្ដេចតេជោ ហ៊ុន សែន បានណែនាំយ៉ាងដូច្នេះក្នុងឱកាសដែលសម្ដេចអញ្ជើញចូលរួមក្នុងពិធីបើកការរដ្ឋានសាងសង់ស្ពានអាកាសថ្មីពីរបន្ថែមទៀតនៅរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣១សីហានេះ។
សម្ដេចតេជោ បានបញ្ជាក់ថា សម្ដេចមិនបានបន្ទោសអ្វីលើបវរកញ្ញាដែលឡើងបង្ហាញលើឆាកនោះទេ ព្រោះពួកគាត់ធ្វើទៅតាមការរៀបចំរបស់អ្នកដឹកនាំកម្មវិធីតែប៉ុណ្ណោះ អ្វីដែលត្រូវណែនាំ គឺត្រូវណែនាំដល់អ្នករៀបចំកម្មវិធីនោះ។ សម្ដេចគូសបញ្ជាក់ដែរថា កម្មវិធីធ្វើទៅបាន តែក៏ត្រូវស្ដាប់មតិរបស់មហាជនដែលជាអ្នកទស្សនាផងដែរ។


