គុនខ្មែរ៖ កម្មវិធីទី៣ នៃព្រឹត្តិការណ៍ “សង្វៀនគុនខ្មែរជើងឯកពិភពលោក ឬ World Fight Kun Khmer Series” នឹងត្រូវធ្វើការប្រកួតនាល្ងាចថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ នេះនៅមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ (ស្ដាតចាស់) ដោយមានអ្នកលេងគុនខ្មែរ និងបរទេស ៥គូត្រូវជួបគ្នាលើសង្វៀនដ៏ធំនេះ។
សម្រាប់កម្មវិធីប្រកួតល្ងាចនេះរួមមានកីឡាករ ឡៅ ស៊ីនេត ត្រូវជួបកីឡាករថៃ Tiger M-One Lumpinee, ម្ចាស់មេដាយមាសស៊ីហ្គេម ប៉ឹត សង្ឃឹម ជួបជើងខ្លាំងនេប៉ាល់ Gunaraja Ruchal។ កីឡាករ រិន សារ័ត្ន នឹងត្រូវប្រកួតបេក្ខភាពដណ្ដើមខ្សែក្រវាត់ World Fight ទម្ងន់ ៦៣,៥គីឡូក្រាមជាមួយកីឡាករថៃ Saen Chor Rattakchai។ កីឡាករ ឡៅ ចិត្រា ជួបជើងខ្លាំងអ៊ីរ៉ង Daniel Yousefnezhang។ រីឯគូចុងក្រោយគឺជាជំនួបមិត្តភាពជាតិរវាងកីឡាការិនីកម្ពុជា សំ សំណាង និងកីឡាការិនី លីន ស្រីម៉ៅ។ ក្រោយថ្លឹងទម្ងន់ និងពិនិត្យសុខភាពរួចរាល់កាលពីល្ងាចថ្ងៃទី៣០ ខែសីហា គេឃើញកីឡាករ-កីឡាការិនីទាំងអស់បានបង្ហាញការត្រៀមខ្លួនរួចរាល់ ដើម្បីបង្ហាញសមត្ថភាពលើសង្វៀនដ៏ធំនេះ ពិសេសអ្នកលេងគុនខ្មែររួមមានកីឡាករ ឡៅ ចិត្រា, ប៉ឺត សង្ឃឹម និងកីឡាករវ័យក្មេង ឡៅ ស៊ីនេត ជាដើម បានបង្ហាញការតាំងចិត្តយ៉ាងមុតមាំក្នុងនាមម្ចាស់ផ្ទះ ដើម្បីប្រជែងជ័យជម្នះលើសង្វៀនគុនខ្មែរជើងឯកពិភពលោកនេះ។
គួរដឹងថា នេះគឺជាកម្មវិធីទី៣ ក្នុងចំណោម ១១កម្មវិធីដែលស្ថាប័ន World Fight ក្រោមការដឹកនាំរបស់លោក តូនី អាន់ សហការជាមួយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងមានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជារៀបចំឡើង ក្នុងគោលបំណងរួមចំណែកផ្សព្វផ្សាយពីប្រដាល់គុនខ្មែរផង និងចូលរួមអភិវឌ្ឍវិស័យកីឡាមួយនេះឆ្ពោះទៅរកការប្រកួតប្រជែងលើឆាកអន្ដរជាតិផង ពិសេសត្រៀមដំណើរឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជា៕
អត្ថបទ៖ លី ឈុនឡា