អ៊ុយក្រែន៖ សាលារៀនជាច្រើននៅក្នុងរដ្ឋធានី Kiev របស់ប្រទេសអ៊ុយក្រែនកំពុងត្រៀមបើកទ្វារសម្រាប់ឆ្នាំសិក្សាថ្មី ដោយមានការរឹតបន្តឹងសន្តិសុខសម្រាប់ទាំងគ្រូបង្រៀន ទាំងសិស្សានុសិស្ស។ ដោយពេលវេលានៅសល់មិនដល់ ១សប្ដាហ៍ទៀតទេមុនចាប់ផ្ដើមឆ្នាំសិក្សាថ្មី។
ការបង្កើតបរិស្ថានសុវត្ថិភាពគឺជាលក្ខខណ្ឌចម្បងសម្រាប់ថ្នាក់ពេញម៉ោង ខណៈដែលសាលារៀននានាត្រូវការការធានាចំពោះអាណាព្យាបាលសិស្សដែលត្រូវត្រៀម ១០០% សម្រាប់បញ្ហាអាសន្នណាមួយ។ សិស្សភាគច្រើនចង់សិក្សាតាម online។ លោក Ivan Ptashnik នាយកសាលាមួយបាននិយាយថា យើងអាចផ្ដល់ការសិក្សាអប់រំនៅថ្នាក់រៀនដោយផ្ទាល់សម្រាប់សិស្សជាច្រើន ដូចដែលការស្នាក់នៅសាលារៀនអាចការពារបាន។ សាលានិមួយៗមានមន្ត្រីការពារសុវត្ថិភាពមើលការខុសត្រូវសុវត្ថិភាពសាលារៀន និងត្រួតពិនិត្យថា តើសាលារៀននោះបានត្រៀមខ្លួនសម្រាប់ឆ្នាំសិក្សាថ្មីបានហើយ ឬនៅ។
យោងតាមស្ថិតិផ្លូវការមានវិទ្យាស្ថានអប់រំតែ ៤១% ប៉ុណ្ណោះនៅក្នុងប្រទេសអ៊ុយក្រែនដែលនឹងអាចបើកដំណើរបាននៅថ្ងៃទី១ ខែកញ្ញា។ សិស្សានុសិស្ស និងអាណាព្យាបាលអាចជ្រើសរើសវិធីទទួលបានការអប់រំមានដូចជាតាម online នៅថ្នាក់រៀនផ្ទាល់ ឬទាំង online ទាំងនៅសាលាផ្ទាល់។ វាគ្រោះថ្នាក់ខ្លាំងណាស់ក្នុងការបញ្ជូនកុមារមកសាលារៀន ព្រោះសាលារៀនភាគច្រើននៅទីនេះមិនមានជម្រកលាក់ខ្លួន ពីគ្រាប់បែកសម្រាប់កុមារទេ។ ចាប់តាំងពីការវាយប្រហាររបស់រុស្ស៊ីចូលក្នុងប្រទេសនេះកាលពីថ្ងៃទី២៤ ខែកុម្ភៈ សាលារៀនជាង ២៨០កន្លែងត្រូវបានបំផ្លិចបំផ្លាញទាំងស្រុង និងចំនួន ២,៣០០កន្លែងបានខូចខាត៕
អត្ថបទ៖ សុខមាន