ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង ខណ្ឌសែនសុខ ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ករណី ល្មើសវិធានការសុខាភិបាល ក្នុងការប្រយុទ្ធប្រឆាំង ជម្ងឺ កូវីត ១៩ ដោយពួកគាត់ ជួបជុំស៊ីផឹក និងច្រៀងខារ៉ាអូខេ ។
សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ នារសៀលថ្ងៃទី៥ ខែមេសា នេះ ប្រាប់អោយដឹងថា កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង បានធ្វើការ ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ករណី ល្មើសវិធានការសុខាភិបាលក្នុងការប្រយុទ្ធប្រឆាំង ជម្ងឺ កូវីត ១៩ (ជួបជុំស៊ីផឹក និងច្រៀងខារ៉ាអូខេ) នៅចំណុចមុខបន្ទប់ជួលក្នុងផ្សារបឹងបៃតង ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១៧ និង៣០នាទីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ ។
ជនសង្ស័យទាំង ៣នាក់ ដែល ជួបជុំស៊ីផឹក និងច្រៀងខារ៉ាអូខេល្មើសវិធានការសុខាភិបាលក្នុងការប្រយុទ្ធប្រឆាំង ជម្ងឺ កូវីត ១៩ ហើយត្រូវសមត្ថកិច្ចខណ្ឌសែនសុខ ឃាត់ខ្លួន រួមមាន ៖ ១-ឈ្មោះ អូន រតនា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងម៉ាស៊ីនរោងចក្រវួយឈែង ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (គ្មានសារធាតុញៀន), ២-ឈ្មោះ ហូ រុនមុនី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) , ៣-ឈ្មោះ ហេង សូវីត ភេទប្រុស អាយុ៧២ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។
បច្ចុប្បន្នជនសង្ស័យទាំង ៣នាក់ សមត្ថកិច្ចកំពុងឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តច្បាប់តាមនីតិវិធី ។
ជាមួយគ្នានេះសមត្ថកិច្ចនគរបាលខណ្ឌសែនសុខ សូមធ្វើការអំពាវនាវ បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបន្តអនុវត្តនូវវិធានការរបស់រាជរដ្ឋាភិបាល ៣ការពារ និង ៣កុំ ក៏ដូចជា សេចក្តីប្រកាសរបស់ ក្រសួងសុខាភិបាល ដែលតែងតែផ្សព្វផ្សាយ អប់រំ ណែនាំ ឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ មានការលាងសំអាតដៃ ជាមួយសាប៊ូ ឬ ជែល អាកុល និងពាក់ម៉ាសជាប់ជាប្រចាំ ជាពិសេសត្រូវរក្សាអោយបាននូវគម្លាតសង្គមយ៉ាងតិច មួយម៉ែត្រកន្លះឡើងទៅ ៕អត្ថបទ ៖ តារាវុទ្ធី