ភ្នំពេញ៖ កម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន សហការជាអាជ្ញាធរមូលដ្ឋានបង្ក្រាបគ្រឿងញៀនឈានដល់ការផ្ទុះអាវុធប្រមាណជាង ១០គ្រាប់ បណ្ដាលឲ្យស្លាប់ជនសង្ស័យម្នាក់ របួសមនុស្ស៤នាក់ និងឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ រឹបអូសសារធាតុញៀន ជាង ២០គីឡូក្រាម។
ប្រតិបត្តិការនេះ បានធ្វើឡើងនៅវេលាម៉ោង ៨និង៣០នាទីព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០២២ ចំណុចផ្លូវចូលកំពង់ដស្វាយជ្រុំ តាមបណ្តោយផ្លូវកែវចិន្តា ស្ថិតក្នុងភូមិទី៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន តាមមុខសញ្ញាជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ ធ្វើដំណើរដោយរថយន្តចំនួន ០២គ្រឿង ដោយរថយន្តមួយគ្រឿងម៉ាក ford ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BO-0123 ដឹកផ្ការួចបង្កប់គ្រឿងញៀន ជាង២០គីឡូក្រោមផ្កា ត្រូវបានកម្លាំងសមត្ថកិច្ចបាញ់បំបែកកង់រថយន្តទាំង០៤ ទៅមុខលែងរួច និងរថយន្តមួយគ្រឿងទៀតម៉ាក MG ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 2BL-7217 ធ្វើដំណើរដោយជនសង្ស័យចំនួន០៣នាក់ ព្យាយាមគេច និងបាញ់រះមកលើសមត្ថកិច្ចត្រូវបានកម្លាំងសមត្ថកិច្ច បាញ់ទៅវិញ បណ្ដាលឲ្យជនសង្ស័យម្នាក់ស្លាប់ក្នុងរថយន្ត និងរបួសម្នាក់ ចំណែក២នាក់ទៀត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។
តាមប្រភពព័ត៌មានពីពលរដ្ឋ បានបង្ហើបឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ បណ្ដាលឲ្យពលរដ្ឋរងរបួសចំនួន០៣នាក់ គឺមនុស្សស្រី០២នាក់ និងបុរសម្នាក់ជាម្ចាស់ម៉ូតូកង់៣ ដែលរថយន្តជនសង្ស័យ បើកបុកចំពីមុខ។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចចម្រុះ បានធ្វើការហ៊ុមព័ទ្ធ ទីតាំងកើតហេតុ ដើម្បីឲ្យជំនាញ ធ្វើការត្រួតពិនិត្យ និងដកហូតគ្រឿងញៀន ជាង២០គីឡូក្រាម៕ អត្ថបទ៖ កុម្ភៈ








