ភ្នំពេញ៖ ក្រុមវិនិយោគថៃ ចាត់ទុកប្រទេសកម្ពុជា គឺជាប្រទេសគោលដៅសម្រាប់ធ្វើពាណិជ្ជកម្ម និងការវិនិយោគយ៉ាងសំខាន់ និងផ្តល់ភាពអំណោយផលគ្រប់បែបយ៉ាងដល់ការអភិវឌ្ឍ ដោយសារមានស្ថេរភាពនយោបាយល្អប្រសើរ និងរឹងមាំ។
លោកស្រី ជីរ៉ាណាន់ វង្សមង្គល ប្រធានសមាគមពាណិជ្ជកម្មថៃនៅកម្ពុជា លើកឡើងនៅថ្ងៃ ៣០ ខែ សីហា ឆ្នាំ២០២២នេះថា កម្ពុជា-ថៃ គឺជាប្រទេសដែលមានកិច្ចសហប្រតិបត្តិការល្អនៅក្នុងវិស័យសេដ្ឋកិច្ច និងសង្គម ជាក់ស្តែងគិតមកដល់ពេលនេះ មានក្រុមហ៊ុនថៃជាច្រើន បានបើកអាជីវកម្មនៅព្រះរាជាណាចក្រកម្ពុជា ប្រព្រឹត្តទៅដោយរលូន និងផ្តល់ភាពអំណោយផលគ្រប់បែបយ៉ាង នៅក្នុងខ្សែច្រវ៉ាក់ផលិតកម្មរបស់ខ្លួន សម្រាប់ការផ្គត់ផ្គង់ និងការនាំចេញ។
លោកស្រី បន្តថា ជុំវិញការវិនិយោគ,បន្ទាប់ពីកម្ពុជាបើកប្រទេសឡើងវិញជិត១ ឆ្នាំ កន្លងមកនេះ ក្រុមធុរកិច្ចថៃជាច្រើនបានចូលមកកម្ពុជា ដើម្បីស្វែងរកការធ្វើពាណិជ្ជកម្ម ដោយក្រុមធុរកិច្ចទាំងនោះបានចាត់ទុកប្រទេសកម្ពុជា គឺជាប្រទេសគោលដៅយ៉ាងសំខាន់។
កម្ពុជាគឺជាប្រទេសមានស្ថេរភាពនយោបាយល្អប្រសើរ និងរឹងមាំ និងបើកទូលាយ ដោយបានបង្ករលក្ខណៈងាយស្រួលគ្រប់បែបយ៉ាងដល់ការធ្វើពាណិជ្ជកម្ម និងឱកាសវិនិយោគ ជាពិសេសការវិនិយោគលើសហគ្រាសធុនតូច និងមធ្យម បច្ចុប្បន្នក្រុមធុរិកិច្ចថៃទាំងនោះកំពុងសម្លឹងមើលសក្តានុពលលើវិស័យនេះ ដើម្បីឈានទៅបង្កើតគម្រោងវិនិយោគរបស់ខ្លួន ដែលជាផ្នែកមួយនៃការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច ជាមួយរាជរដ្ឋាភិបាលកម្ពុជា ។
លោកស្រី ជីរ៉ាណាន់ វង្សមង្គល បញ្ជាក់បន្ថែមថា ជាក់ស្តែងធុរកិច្ចថៃដែលអញ្ជើញមកពេលនេះ បានកោតសរសើរចំពោះការរីកចម្រើនរបស់កម្ពុជា ក្នុងនោះក្រុមធុរកិច្ច ក៏បានផ្សព្វផ្សាយពីសេវាព្យាបាលទៅកាន់មន្ទីរពេទ្យ សិរិជេត ច័ន្ទបុរី នៃប្រទេសថៃ និងបានស្វែងយល់អំពីសក្តានុពលវិនិយោគផ្សេងៗនៅព្រះរាជាណាចក្រកម្ពុជា ។
ចំពោះឱកាសវិនិយោគនេះ បច្ចុប្បន្នមានក្រុមហ៊ុនថៃជាច្រើនផ្សេងទៀត បានកំពុងចាប់អារម្មណ៍អំពីការវិនិយោគលើវិស័យកសិកម្មដូចជា៖ ការវិនិយោគលើដំណំាឧស្សាហកម្ម ទំពាំងបាយជូរ ការដាំដុះផ្កា រោងចក្រផលិតជីកសិកម្មជាដើម។
ចំណែកវិស័យឧស្សាហកម្ម វិនិយោគិនបានចាប់អារម្មណ៍ លើការវិនិយោគវិស័យម្ហូបអាហារ និងភេសជ្ជៈ និងវិស័យសហគ្រាសធុនតូច និងមធ្យមជាដើម ជាក់ស្តែងនៅពេលនេះ ធុកិច្ចថៃបានចាប់អារម្មណ៍អំពីការវិនិយោគលើវិស័យសុខាភិបាល និងការផ្សព្វផ្សាយពីសេវាព្យាបាលទៅកាន់ប្រទេសថៃ ខណៈដែលថៃបានចាត់ទុកកម្ពុជា គឺជាជំរើសទី១ ក្នុងចំណោមប្រទេសជាច្រើនទៀតក្នុងអាស៊ីអាគ្នេយ៍៕អត្ថបទ៖ សុន រ៉ាឌី