ភ្នំពេញ៖ គណៈប្រតិភូវិនិយោគិនជប៉ុន កំពុងស្វែងយល់ពីសក្តានុពលលើវិស័យវិនិយោគ និងធុរកិច្ចនៅកម្ពុជា ខណៈទំហំពាណិជ្ជកម្មកម្ពុជា ជប៉ុនកំពុងកើនឡើង។
ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៅក្នុងជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូធុរកិច្ច និងវិនិយោគជប៉ុនចំនួន ១៤ក្រុមហ៊ុន ដឹកនាំដោយ លោកស្រី ម៉ារីសា ហារ៉ូតា (Marisa Haruta) តំណាងអង្គការ ជេត្រូ(JETRO) ជប៉ុនប្រចាំរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៣០ សីហា ឆ្នាំ២០២២នេះ មានប្រសាសន៍ថា ជេត្រូ គឺជាដៃគូដ៏ល្អមួយរបស់ក្រសួង ក្នុងការជំរុញសកម្មភាពពាណិជ្ជកម្មនិងវិនិយោគ ដោយតែងតែធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា ក្នុងគោលដៅជំរុញពាណិជ្ជកម្មរវាងកម្ពុជា-ជប៉ុន។
ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់អង្គការ ជេត្រូ ជប៉ុនប្រចាំរាជធានីភ្នំពេញ ចំពោះការដឹកនាំគណៈប្រតិភូធុរកិច្ច និងវិនិយោគជប៉ុនមកកាន់ប្រទេសកម្ពុជា ក្នុងការធ្វើការសិក្សាស្វែងយល់អំពីបរិយាសធុរកិច្ច និងវិនិយោគនៅក្នុងប្រទេសកម្ពុជាដោយផ្ទាល់។
ជាការឆ្លើយតប លោកស្រីតំណាងអង្គការ ជេត្រូ បានលើកឡើងអំពីគោលបំណងនាពេលនេះថា គឺដើម្បីផ្តល់ឱកាសដល់ គណៈប្រតិភូធុរកិច្ចជប៉ុនបានស្តាប់ដោយផ្ទាល់ពីឯកឧត្តមរដ្ឋមន្រ្តី អំពីស្ថានភាពទូទៅនៃបរិយាកាសធុរកិច្ចនៅកម្ពុជា និងស្ថានភាពពាណិជ្ជកម្មនៃប្រទេសទាំងពីរ ជាពិសេសការសម្របសម្រួលពីរដ្ឋាភិបាលកម្ពុជា លើវិស័យពាណិជ្ជកម្មប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ព្រមទាំងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះធុរជន និងវិនិយោគិនជប៉ុនឱ្យពិចារណាក្នុងការប្រកបអាជីវកម្ម និងវិនិយោគនៅក្នុងប្រទេសកម្ពុជា។
ក្រសួងពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ថា គិតត្រឹមបំណាច់ឆ្នាំ២០២១ ទំហំពាណិជ្ជកម្មទ្វេភាគី រវាងកម្ពុជា-ជប៉ុន មានទឹកប្រាក់ចំនួនប្រមាណជាង ១,៧០០លានដុល្លាអាមេរិក ក្នុងនោះកម្ពុជានាំចេញទៅជប៉ុនមានទឹកប្រាក់ប្រមាណជាង ១ពាន់លានដុល្លារ។ ចំណែកឯជប៉ុននាំចូលមកកម្ពុជាវិញ មានទឹកប្រាក់ប្រមាណជាង ៦០៧លានដុល្លារ។
ឯកឧត្តម បានឲ្យដឹងទៀតថា ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសជប៉ុន មានផលិតផលដូចជា៖ សំលៀកបំពាក់ ស្បែកជើង កាបូប និងផលិតផលផ្សេងទៀត។ ក្នុងក្របខ័ណ្ឌវិនិយោគ គិតត្រឹមឆ្នាំ២០២១កន្លងទៅ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ១៤៦គម្រោង ជាមួយនឹងទុនវិនិយោគសរុបចំនួនជាង ២.៨ពាន់លានដុល្លារ ដោយក្នុងនោះ គម្រោងវិនិយោគរបស់ជប៉ុនមានចំនួន ២គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៦២លានដុល្លារ៕អត្ថបទ៖ ឈិត បូរ៉ាវី