ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះ បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាច្រើនជាមួយឯកឧត្តម បណ្ឌិត ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងឱកាសនៃការបំពេញទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូជាន់ខ្ពស់ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នៅរដ្ឋធានីវៀងចន្ទន៍ប្រទេសឡាវ។
នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីឡាវ បានស្វាគមន៍ចំពោះការអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក្នុងនាមជាមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ដែលជាផ្នែកមួយនៃការអនុវត្តនូវការប្តេជ្ញាចិត្តរួមរបស់ប្រទេសទាំងពីរ ក្នុងការបន្តលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរីកចម្រើនក្នុងក្របខ័ណ្ឌនៃ “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង”។
នៅក្នុងជំនួប ឯកឧត្តម នាយករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីទំនាក់ទំនងសាមគ្គីភាពដែលមានប្រវត្តិដ៏យូរលង់រវាងប្រទេសទាំងពីរ និងបានបញ្ជាក់អំពីការគាំទ្រចំពោះការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ ឱ្យបានកាន់តែជិតស្និទ្ធ និងប្រកបដោយការទុកចិត្តទៅវិញទៅមក ដែលជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងព្រំដែនមិត្តភាពសន្តិភាព និងវិបុលភាពរួម ជាពិសេសការបង្កលក្ខណៈដល់តម្រូវការរបស់ប្រជាជននៃប្រទេសទាំងពីរក្នុងការផ្លាស់ប្តូរសេដ្ឋកិច្ច និងសេវាសុខាភិបាលជាដើម។
ជាមួយគ្នានោះដែរ ឯកឧត្តមផនខាំ វីផាវ៉ាន់ ក៏បានថ្លែងនូវការអបអរសាទរ និងកោតសរសើរចំពោះសមត្ថភាព និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ ជាពិសេសភាពឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការប្រឈមដោះស្រាយបញ្ហាតំបន់ និងសាកលដែលកំពុងកើតមាន ប្រកបដោយភាពត្រឹមត្រូវផងដែរ។
ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ ឯកឧត្តម នាយករដ្ឋមន្ត្រីឡាវ ចំពោះការគាំទ្រដល់ការជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរឱ្យតែស្អិតរមួត ដែលកត្តាចូលរួមយ៉ាងសំខាន់ក្នុងការពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេស និងប្រជាជនទាំងពីរឱ្យកាន់តែរឹងមាំ និងយូរអង្វែងតទៅអនាគត។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានចូលរួមអបអរសាទរចំពោះការភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់ប្រទេសឡាវ ក្រោមការដឹកនាំរបស់បក្ស និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ព្រមជាមួយនឹងការអរគុណចំពោះប្រទេសឡាវ និងប្រជាជនឡាវ ដែលបានគាំទ្រកម្ពុជាក្នុងការបំពេញតួនាទីជាប្រធានអាស៊ាន ក្នុងឆ្នាំ២០២២នេះផងដែរ៕



