ប្រណាំងកង់៖ កីឡាករប៊ែលហ្ស៊ិក Remco Evenepoel បានពន្លាតការនាំមុខក្នុងតារាងរួមនៃព្រឹត្តិការណ៍ប្រណាំងកង់លំដាប់ Grand Tour, Vuelta a Espana ក្រោយប្រជែងឈ្នះដំណាក់កាលទី១០ ម្សិលមិញនេះ។
ដំណាក់កាលទី១០ ដែលមានចំងាយផ្លូវត្រឹម ៣១.១គីឡូម៉ែត្រជាការប្រកួតប្រណាំងយកថេរវេលាផ្ទាល់ខ្លួន កីឡាកររបស់ក្រុម Quick-Step Alpha រូបនេះបានមកដល់ទីព្រ័ត្រមុនគេប្រើពេល ៣៣នាទី ១៨វិនាទី តាមពីក្រោយដោយអ្នកការពារតំណែងជើងឯកកីឡាករស្លូវេនី Primoz Roglic យឺតជាង ៤៨វិនាទី និងលេខ៣ កីឡាករបារាំង Remi Cavagna យឺងជាង ១នាទី។
ជ័យជំនះដ៏មានសារៈសំខាន់នៃការប្រណាំងយកថេរវេលាផ្ទាល់ខ្លួននេះ ធ្វើឱ្យកីឡាករប៊ែលហ្ស៊ិកវ័យ ២២ឆ្នាំ Remco Evenepoel ពន្លាតការនាំមុខក្នុងតារាងវេលារួម ២នាទី ៤១វិនាទីពីលើអ្នកលេខ២ Primoz Roglic ដែលជិះឱ្យក្រុម Jumbo-Visma និងលេខ៣ នៅតែជាកីឡាករអេស្ប៉ាញ Enric Mas យឺតជាង ៣នាទី ៣វិនាទី។ សំរាប់ដំណាក់កាលទី១១ នេះជាការប្រកួតលើស្ថានភាពផ្លូវធម្មតាមានចំងាយផ្លូវ ១៩៣គីឡូម៉ែត្រ៕
អត្ថបទ៖នាង សុភាវុធ