អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានជួបជាមួយសមាជិកគណៈប្រតិភូទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) នៅទីក្រុងគីវកាលពីថ្ងៃអង្គារ។ លោក Zelenskyy បានអំពាវនាវជាថ្មីសម្រាប់ការដកកងទ័ពទាំងអស់របស់សហព័ន្ធរុស្ស៊ី ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ជារោងចក្រធំបំផុតរបស់អឺរ៉ុប។

ក្រុមឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ កំពុងបំពេញបេសកកម្មបន្ទាន់មួយដើម្បីការពាររោងចក្រថាមពលដែលចូលកាន់កាប់ដោយរុស្ស៊ី ជាចំណុចកណ្តាលនៃការប្រយុទ្ធគ្នាក្នុងប្រទេសអ៊ុយក្រែន ជាដំណើរការរង់ចាំជាយូរមកហើយដែលពិភពលោកសង្ឃឹមថា នឹងជួយបញ្ចៀសគ្រោះមហន្តរាយវិទ្យុសកម្ម។ ហានិភ័យពុំមានខ្ពស់នោះទេសម្រាប់អ្នកជំនាញរបស់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ ដែលមកពិនិត្យរោងចក្រនេះក្នុងប្រទេសនេះ ជាកន្លែងដែលគ្រោះមហន្តរាយរោងចក្រ Chernobyl ឆ្នាំ1986 បានបញ្ចេញសារធាតុវិទ្យុសកម្មនៅពាសពេញតំបន់ ដែលធ្វើឲ្យពិភពលោកភ័យខ្លាច និងជំរុញឲ្យពិភពលោកចេញឆ្ងាយពីថាមពលនុយក្លេអ៊ែរ។
ដោយបញ្ជាក់អំពីភាពបន្ទាន់នេះ ប្រទេសអ៊ុយក្រែន និងរុស្ស៊ីបានចោទប្រកាន់គ្នាទៅវិញទៅមក ពីការបាញ់ផ្លោងនៅតំបន់ជុំវិញរោងចក្រថាមពលនុយក្លេអ៊ែរ ជារោងចក្រថាមពលធំបំផុតរបស់អឺរ៉ុបដែលត្រូវបានកាត់ផ្តាច់បណ្តាញផ្គត់ផ្គង់ មួយរយៈពេលខ្លីកាលពីសប្តាហ៍មុន។ ដើម្បីបញ្ចៀសគ្រោះមហន្តរាយ អគ្គនាយកទីភ្នាក់ថាមពលអាតូមិកអន្តរជាតិ (IAEA) លោក Rafael Grossi បានព្យាយាមដើម្បីចូលមកកាន់រោងចក្រ Zaporizhzhia ជាច្រើនខែមកហើយ ដែលកងកម្លាំងរុស្ស៊ីបានចូលកាន់កាប់តាំងពីដើមដំបូងនៃសង្គ្រាម មានរយៈពេលប្រាំមួយខែរហូតមកដល់ពេលនេះ។ ទីភ្នាក់ងារ IAEA បាននិយាយថា ក្រុមការងារនឹងអនុវត្តសកម្មភាពការពារបន្ទាន់ វាយតម្លៃការខូចខាត កំណត់មុខងារប្រព័ន្ធសុវត្ថិភាព និងសុវត្ថិភាពរបស់រោងចក្រ ព្រមទាំងវាយតម្លៃលក្ខខណ្ឌការងាររបស់បុគ្គលិកបន្ទប់ត្រួតពិនិត្យ៕
អត្ថបទ៖ ប៊ុនថន