សហរដ្ឋអាមេរិក៖ សហរដ្ឋអាមេរិកនឹងផ្តល់ជំនួយបន្ថែមចំនួន ៣០លានដុល្លារតាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) បន្ទាប់ពីអង្គការសហប្រជាជាតិ និងប្រទេសប៉ាគីស្ថានបានអំពាវនាវរកជំនួយសង្គ្រោះបន្ទាន់ចំនួន ១៦០លានដុល្លារដើម្បីជួយប្រជាជនរាប់លាននាក់ ដែលរងផលប៉ះពាល់ដោយទឹកជំនន់បណ្តាលឲ្យមនុស្សជាង ១,១៦០នាក់ស្លាប់ចាប់តាំងពីពាក់កណ្តាលខែមិថុនា។

យោងតាមសេចក្តីថ្លែងការណ៍ចេញផ្សាយ ដោយការិយាល័យអង្គការសហប្រជាជាតិបានឲ្យដឹងថា អគ្គលេខាធិការលោក Antonio Guterres នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសប៉ាគីស្ថាននៅថ្ងៃទី៩ ខែកញ្ញា ហើយនឹងជួបជាមួយជនរងគ្រោះដោយទឹកជំនន់ដើម្បីបង្ហាញពីសាមគ្គីភាពជាមួយពួកគេ។ ក្រសួងការបរទេសប៉ាគីស្ថាននិយាយថា ទឹកជំនន់បានប៉ះពាល់ដល់ពលរដ្ឋប្រមាណ ៣៣លាននាក់ ហើយបានបណ្តាលឱ្យមនុស្សជាង ១,១៦០នាក់ស្លាប់ និងជាង ១,៦០០នាក់រងរបួស។

លំនៅឋានជាង ១លានខ្នងបានខូចខាត ឬត្រូវបានបំផ្លាញទាំងស្រុង ហើយសត្វពាហនៈចំនួន ៧៣៥,០០០ក្បាលជាប្រភពសម្រាប់ការចិញ្ចឹមជីវិត និងអាហារសំខាន់បានបាត់បង់។ យោងតាមការប៉ាន់ប្រមាណបឋមរបស់រដ្ឋាភិបាលបានឲ្យដឹងថា ការបំផ្លាញនេះបណ្តាលឱ្យខូចខាតដល់សេដ្ឋកិច្ចចំនួន ១០ពាន់លានដុល្លារ៕
អត្ថបទ៖ ប៊ុនថន