ភ្នំពេញ៖ ចំនួនក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិបណ្តាប្រទេសចំនួន៤៥ បើកជើងហោះហើរ និងពង្រីកជើងហោះហើរចេញចូលប្រទេសកម្ពុជាជាធម្មតាឡើងវិញ បន្ទាប់ពីវិបត្តិកូវីដ១៩ មានការថមថយ។
ឯកឧត្តម ជា អូន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ បានថ្លែងប្រាប់BTV នៅថ្ងៃទី៣១ ខែសីហានេះថា រហូតមកដល់ខែសីហា ឆ្នាំ២០២២ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានចុះហត្ថលេខាលើអនុសារណៈព្រមព្រៀង ជាមួយរដ្ឋាភិបាល និងក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិចំនួន៤៥ប្រទេស ក្នុងនោះក៏មានបណ្តាប្រទេសនៅប៉ែកខាងមជ្ឈិមបូព៌ា ជាពិសេស ការតភា្ជប់ជើងហោះហើរពីទីក្រុងឌុយបៃ សហភាពអារ៉ាប់រួម និងប្រទេសកាតាមកកម្ពុជាជាដើម ខណៈការហោះហើរនេះគឺបានអាកខានជាង ២ឆ្នាំដោយសារវិបត្តិកូវីដ១៩។
ឯកឧត្តម ជា អូន បន្តថា ក្នុងអំឡុងពេលនេះ បណ្តាក្រុមហ៊ុនអាកាសចរណ៍ដែលបានដាក់ពាក្យស្នើរសុំបើកជើងហោះហើរនោះ គឺបានបើកដំណើរការសឹងតែល្អដូចដើមឡើងវិញអស់ហើយ ខណៈក្នុងខែសីហានេះ នៅរាជធានីភ្នំពេញ គឺបានទទួលជើងយន្តហោះជាមធ្យម២៥ជើងក្នុងមួយថ្ងៃៗ នៅខែសៀមរាប បានទទួលជើងយន្តហោះជាមធ្យមប្រមាណ១០ជើងក្នុងមួយថ្ងៃ។
ប្រធានសមាគទេសចរណ៍អាស៊ីប៉ាស៊ីភិច PATA ប្រចាំនៅកម្ពុជា លោក ធួន ស៊ីណាន វាយតំលៃថា កម្ពុជាគឺធ្វើហាក់មានភាពល្អប្រសើរជាងគេច្រើន ខណៈការទាក់ទាញអ្នកដំណើរអន្តរជាតិមកកម្ពុជាកើនលើស៣០%នេះ គឺមានប្រទេសជាច្រើនក្នុងតំបន់អាស៊ីប៉ាភិចនេះ ទាក់ទាញអ្នកដំណើរអន្តរជាតិហោះចូលប្រទេសគេមានមិនទាន់ដល់៣០% នៃអ្នកដំណើរសរុបនៅក្នុងឆ្នាំ២០១៩នោះទេ៕ អត្ថបទ ស៊ុម សុខជា