បាល់ទាត់៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ២៣ឆ្នាំកម្ពុជាបានកោះហៅកីឡាករសរុប ៣៥នាក់ដើម្បីធ្វើការប្រមូលផ្ដុំហ្វឹកហាត់ដំណាក់កាលទី១ សម្រាប់ត្រៀមការប្រកួតមិត្តភាពអន្ដរជាតិជាមួយក្រុមជម្រើសជាតិ U23 ជប៉ុន នាថ្ងៃទី២០ ខែកញ្ញាខាងមុខនៅពហុកីឡដ្ឋានជាតិមរតកតេជោ។
យោងតាមសហព័ន្ធកីឡាបាល់ទាត់កម្ពុជាដែលទើបប្រកាសនៅព្រឹកថ្ងៃទី០១ ខែកញ្ញានេះ កីឡាករស្ថិតក្នុងបញ្ជីឈ្មោះបម្រុងក្រុមគោព្រៃជំទង់កម្ពុជា ដែលត្រៀមប្រកួតមិត្តភាពអន្ដរជាតិនាពេលខាងមុខគឺមានកីឡាករបឹងកេត ៥នាក់, ព្រះខ័នរាជស្វាយរៀង ៣នាក់, ណាហ្គាវើលដ៏ ៤នាក់, អគ្គិសនីកម្ពុជា ៣នាក់, កងយោធពលខេមរភូមិន្ទ ៣នាក់, ព្រៃវែង ៤នាក់, គិរីវង់សុខសែនជ័យ ៣នាក់, ភ្នំពេញក្រោន ២នាក់, អង្គរថាយហ្គឺរ ២នាក់, វិសាខា ២នាក់, នគរបាលជាតិ ២នាក់ រួមជាមួយសមាជិកក្រុមកោះកុងអេហ្វស៊ី និង ISI ដង្កោសែនជ័យម្នាក់ដូចគ្នា។
តាមការគ្រោងទុកកីឡាករស្ថិតក្នុងបញ្ជីឈ្មោះបម្រុងនេះ នឹងត្រូវធ្វើតេស្ដកាយសម្បទានាថ្ងៃទី១៣ ខែកញ្ញាខាងមុខ ដំណាលគ្នានឹងក្រុមជម្រើសជាតិកម្ពុជា ឬក្រុមធំដែរ មុនឈានដល់ការជម្រុះកីឡាករបញ្ជីឈ្មោះចុងក្រោយ សម្រាប់ត្រៀមការប្រកួតមិត្តភាពអន្ដរជាតិជាមួយក្រុមជម្រើសជាតិ U23 ជប៉ុននាពេលឆាប់ៗខាងមុខ៕
អត្ថបទ៖ លី ឈុនឡា