ភ្នំពេញ ៖ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ ចុះត្រួតពិនិត្យ និង សម្របសម្រួល ជូនដល់មន្ត្រីជួរមុខចុះធ្វើការងារផ្ទាល់ជាមួយប្រជាពលរដ្ឋ ដែលជួបប្រទះបញ្ហាប្រឈមច្រើន ដែលស្ម័គ្រចិត្តមកចាក់ វ៉ាក់សាំងបង្ការជម្ងឺ កូវីត-១៩ ក្នុងមូលដ្ឋាន នៅក្នុង វិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី វត្តភ្នំ
ជាក់ស្ដែងនៅវេលាម៉ោង ០៨និង៣០នាទី ព្រឹកថ្ងៃច័ន្ទ ៨រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញចុះត្រួតពិនិត្យ និង សម្របសម្រួល ជូនដល់មន្ត្រីជួរមុខ ដែលស្ម័គ្រចិត្តមកចាក់ វ៉ាក់សាំងបង្ការជម្ងឺ កូវីត-១៩ នៅវិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី វត្តភ្នំ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
ក្នុងការចុះត្រួតពិនិត្យ នេះលោកអភិបាល បានចាត់អោយមន្ត្រីពាក់ព័ន្ធរៀបចំសណ្តាប់ធ្នាប់ទីតាំងចាក់វ៉ាក់សាំងអោយមានសណ្តាប់ធ្នាប់ល្អ ជួយសម្រួលក្រុមគ្រូពេទ្យ និង អ្នកមកចាក់វ៉ាក់សាំងអោយបានលឿន និងឆាប់រហ័ស ប្រកបដោយសុវត្ថិភាព ជាពិសេស រក្សាគម្លាតសុវត្ថិភាពសង្គម ។
ក្នុងការចុះពិនិត្យនេះ លោក អភិបាល បានបញ្ជាក់ថា: ការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ នៅវិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី វត្តភ្នំ នាពេលនេះ គឺផ្តល់អត្ថិភាពចាក់ជូនមន្ត្រីជួរមុខ ដែលចុះធ្វើការងារផ្ទាល់ជាមួយប្រជាពលរដ្ឋ ដែលជួបប្រទះបញ្ហាប្រឈមច្រើន ដោយឡែកប្រជាពលរដ្ឋស្ម័គ្រចិត្ត សូមមេត្តារង់ចាំបន្តិចទៀត សង្កាត់នឹងដាក់កម្មវិធី ដើម្បីចាក់វ៉ាក់សាំង ជូនបងប្អូនជាបន្តបន្ទាប់ ស្របតាមគោលការណ៍ដឹកនាំរបស់រាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាល៕ អត្ថបទ៖ កុម្ភះ





