វាយកូនឃ្លីលើតុ៖ ឯកឧត្តមនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា បានបង្ហាញសុទិដ្ឋិនិយមដោយសង្ឃឹមនឹងសម្រេចជោគជ័យទាំងពីរ ពោលគឺទាំងការរៀបចំការប្រកួត និងការប្រជែងមេដាយក្នុងនាមម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣។
ការគូសបញ្ជាក់នេះធ្វើឡើងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលហ្វឹកហ្វឺនបច្ចេកទេស កីឡាវាយកូនឃ្លីលើតុកម្រិតអន្តរជាតិ សម្រាប់អាជ្ញាកណ្តាលថ្នាក់ជាតិប្រចាំឆ្នាំ២០២២ កាលពីថ្ងៃទី៣១ ខែសីហា នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដោយឯកឧត្តមប្រធានសហព័ន្ធបានចាប់ទុកជាជោគជ័យដ៏ធំធេងសម្រាប់ជាតិ ក៏ដូចជាគ្រួសារកីឡាវាយកូនខ្លីលើតុកម្ពុជា ប្រសិនបើសហព័ន្ធអាចសម្រេចជោគជ័យទាំងពីរផ្នែកនេះ។ ឯកឧត្តមបន្ដថា ខណៈនេះក្រុមកីឡាករ-កីឡាការិនីវាយកូនឃ្លីលើតុកម្ពុជា កំពុងខិតខំហ្វឹកហាត់ត្រៀមប្រកួតប្រជែងក្នុងស៊ីហ្គេម ២០២៣។ ប្រសិនបើការខិតខំនេះដណ្តើមបានមេដាយជូនជាតិគឺជាជោគជ័យមួយ តែប្រសិនបើមិនដណ្តើមបានមេដាយទេ គឺត្រូវតែទទួលបានជោគជ័យមួយទៀតគឺការរៀបចំដោយសារកម្ពុជាជាម្ចាស់ផ្ទះ ដូច្នេះកុំឲ្យគេថា មិនជោគជ័យទាំងពីរគឺជាការពិបាកទទួលយកមួយសម្រាប់សហព័ន្ធ។
តាមរយៈនេះ ប្រមុខសហព័ន្ធដដែលបានជំរុញឲ្យសិក្ខាកាមជាមន្ដ្រីបច្ចេកទេស ក៏ដូចជាកីឡាករ-កីឡាការិនីត្រូវពួតដៃគ្នាដើម្បីពង្រឹង និងជំរុញសមត្ថភាពឈានទៅរកកម្រិតខ្ពស់ ដើម្បីស្វែងរកជោគជ័យណាមួយ ឬជោគជ័យទាំងពីរផ្នែកដើម្បីជាការលើកកម្ពស់កិត្តិយសជាតិ កិត្យានុភាពជាតិលើឆាកអន្ដរជាតិ នៅក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជានេះ។ ពាក់ព័ន្ធនឹងវគ្គបណ្តុះបណ្តាលហ្វឹកហ្វឺនបច្ចេកទេស កីឡាវាយកូនឃ្លីលើតុកម្រិតអន្តរជាតិវិញ លោក ស៊ុន សុទ្ធារិទ្ធ អគ្គលេខាធិការសហព័ន្ធបានបញ្ជាក់ថា ធ្វើឡើងរយៈពេល ៥ថ្ងៃពីថ្ងៃទី២៧ ដល់ថ្ងៃទី៣១ ខែសីហា ក្រោមការបង្រៀនរបស់លោកស្រី Rachel DL Ramos ដែលជាចៅក្រមអាជ្ញាកណ្តាលអន្តរជាតិមកពីសហព័ន្ធកីឡាវាយកូនឃ្លីលើតុអន្តរជាតិ (ITTF) និងមានសិក្ខាកាមជាអាជ្ញាកណ្តាលចំនួន ៣៥នាក់ចូលរួម។ វគ្គនេះធ្វើឡើងស្របតាមផែនការសកម្មភាពប្រចាំឆ្នាំរបស់សហព័ន្ធ និងក្រោមថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីពន្លឿនផែនការអភិវឌ្ឍសហព័ន្ធកីឡាជាតិឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣៕
អត្ថបទ៖ លី ឈុនឡា