អារ៉ាប៊ីសាអ៊ូឌីត៖ ក្រុមអាជ្ញាធរនៅក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីតនិយាយថា ពួកគេរឹបអូសបានថ្នាំញៀនអាហ្វេតាមីនចំនួន ៤៦លានគ្រាប់ដែលត្រូវបានរត់ពន្ធតាមការដឹកជញ្ជូនផលិតផលម្សៅ ដែលជាចំនួនខ្ពស់បំផុតមិនធ្លាប់មានសម្រាប់ព្រះរាជាណាចក្រមួយនេះ។

អគ្គនាយកដ្ឋានត្រួតពិនិត្យគ្រឿងញៀនបាននិយាយថា កងកម្លាំងសន្តិសុខបានតាមដានការដឹកជញ្ជូនតាមនាវា ខណៈនាវានេះបានទៅដល់ផែស្ងួតទីក្រុង Riyadh និងត្រូវបានជញ្ជូនចូលក្នុងឃ្លាំងមួយកន្លែង។ ជនជាតិស៊ីរី ៦នាក់ និងប៉ាគីស្ថាន ២នាក់ត្រូវបានចាប់ខ្លួនក្នុងការឆ្មក់ចូលឆែកឆេរក្នុងឃ្លាំងនោះ។ អគ្គនាយកដ្ឋានត្រួតពិនិត្យគ្រឿងញៀនខាងលើ មិនបានបញ្ជាក់ពីឈ្មោះថ្នាំញៀនអាហ្វេតាមីនទាំងនោះទេ ប៉ុន្តែអារ៉ាប៊ីសាអ៊ូឌីតគឺជាទីផ្សារធំបំផុតសម្រាប់ថ្នាំញៀនទាំងនេះដែលមានឡូហ្គោឈ្មោះ captagon។ Captagon ដែលជាការលាយបញ្ចូលគ្នានៃសាធាតុកាហ្វេអ៊ីន និងសារធាតុបន្ថែមផ្សេងៗទៀតត្រូវគេរាយការណ៍ថា ជាសារធាតុញៀនដ៏ពេញនិយមបំផុតមួយក្នុងចំណោមថ្នាំញៀនជាច្រើន សម្រាប់យុវជនក្នុងតំបន់ឈូងសមុទ្រនេះ។
ថ្នាំញៀនប្រភេទនេះក៏ត្រូវបានប្រើប្រាស់ដោយក្រុមអ្នកប្រយុទ្ធក្នុងសង្គ្រាមស៊ីវិលស៊ីរីផងដែរ ដែលគេនិយាយថា វាជួយឲ្យមនុស្សក្លាហានក្នុងប្រយុទ្ធនៅសមរភូមិ។ យោងតាមរបាយការណ៍របស់វិទ្យាស្ថាន New Lines Institute ការជួញដូរសកលលើថ្នាំញៀនប្រភេទ captagon កំពុងកើនឡើងខ្លាំងយ៉ាងឆាប់រហ័ស និងមានតម្លៃប្រមាណ ៥.៧ពាន់លានដុល្លារអាមេរិកកាលពីឆ្នាំមុន។ អគ្គនាយកដ្ឋានត្រួតពិនិត្យគ្រឿងញៀនពុំបាននិយាយថា ថ្នាំញៀនដែលរឹបអូសទាំងនោះមានប្រភពចេញពីណានោះទេ ប៉ុន្តែភាគច្រើននៃថ្នាំញៀនប្រភេទ captagon ដែលត្រូវបានរឹបអូសក្នុងតំបន់ឈូងសមុទ្រ ត្រូវគេជឿថាមានប្រភពចេញពីប្រទេសស៊ីរី និងលីបង់៕
អត្ថបទ៖ សុខមាន