សៀមរាប៖ សមត្ថកិច្ច បានអោយដឹងនៅថ្ងៃទី០៥ ខែមេសាឆ្នាំ២០២១នេះថា កាលពីវេលាម៉ោង៥.៣០នាទីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ មានករណីបាក់ច្រាំងអូរ បណ្ដាលអោយសង្កត់មនុស្សស្លាប់ ០១នាក់។ ជនរងគ្រោះឈ្មោះ ចក់ ចែម ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិរហាល ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប។
លោក ហ៊ុន ចក់ ភេទប្រុស អាយុ៥៩ឆ្នាំ ត្រូវជាឪពុកបង្កើតរបស់ជនរងគ្រោះ នៅកន្លែងកើតហេតុខាងលើ បានអោយដឹងថា មុនពេលកើតហេតុខ្លួន បាននាំកូនទៅបង់សំណាញ់នៅស្ពានតូចប្រហែលម៉ោង១:៣០នាទីរសៀល ស្ថិតនៅភូមិឃុំខាងលើ លុះដល់ម៉ោង៥:៣០នាទីល្ងាចស្រាប់តែកូនរបស់ខ្លួនបានយកសំណាញ់ទៅគ្របនៅនឹងច្រាំងក្រោមគុម្ពឫស្សី ចំណែកខ្លួនក៏នៅក្បែរនោះដែរ ពេលកំពុងតែមុជរាវស្រវ៉ារកត្រីស្រាប់តែបាក់មាត់ច្រាំងសង្កត់មកលើកូនរបស់ខ្លួន ខណៈពេលនោះ ខ្លួនក៏បានរាយការណ៍ជូនសមត្ថកិច្ច និង បានហៅអាអ៊ិច (អេស្កាវទ័រ)មកកាយយកកូនរបស់ខ្លួនចេញពីក្នុងទឹក ។ក្រោយការពិនិត្យរបស់កម្លាំងជំនាញបច្ចេកទេសឃើញថា សពមានស្លាកស្នាមដាច់រលាត់នៅលើភ្នែក និងខ្ទង់ច្រមុះដែលបណ្ដាលមកពីការបាក់សង្កត់នៃច្រាំងអូរ ។សមត្ថកកិច្ច បានអះអាងថា ជនរងគ្រោះ ពិតជាស្លាប់ដោយបាក់ច្រាំងអូរសង្កត់ពិតប្រាកដមែន ពុំមានពាក់ព័ន្ធករណីបទល្មើសព្រហ្មទណ្ឌឡើយ៕


