ប៉ោយប៉ែត៖ លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន បានឱ្យដឹងថា ចាប់ពីព្រឹកថ្ងៃទី១កញ្ញា ២០២២នេះតទៅ ពលរដ្ឋកម្ពុជាជាពិសេសអាជីវករខ្មែរលក់ដូរនៅផ្សាររោងគ្លឿង អាចប្រើមធ្យោបាយម៉ូតូ ឬរថយន្ត ចេញចូលតាមច្រកអន្តរជាតិប៉ោយប៉ែត បានជាធម្មតា ដូចកាលពីមុនបិទច្រក ដោយសារកូវីដ១៩។
លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន មេប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានបន្ដទៀតថា ការជូនដំណឹងរបស់ភាគីថៃ នៃប៉ុស្តិ៍ច្រកទ្វារព្រំដែនខ្លងលឹក ស្រុកអារញ ខេត្តស្រះកែវ លើការអនុញ្ញាតឱ្យម៉ូតូ និងរថយន្តខាងកម្ពុជាឆ្លងកាត់ច្រកទ្វារប៉ោយប៉ែត ធ្វើឡើងដោយយោងតាមការស្នើសុំពីខាងភាគីកម្ពុជា ក្នុងនាមលោកជាមេប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានជួបពិភាក្សាពង្រឹងកិច្ចសហការល្អជាមួយមេប៉ុស្តិ៍ខាងភាគីថៃ ស្នើសុំឱ្យខាងថៃធ្វើកាតជូនពលរដ្ឋក្រុងប៉ោយប៉ែត បានប្រើប្រាស់ឆ្លងដែនចូលទៅផ្សាររោងក្លឿចេញព្រឹកចូលវិញល្ងាចដូចកាលពីមុនកូវីដ១៩ និងអនុញ្ញាតឱ្យម៉ូតូ ឬរថយន្តរបស់អាជីវករខ្មែរចេញចូលធម្មតាដូចមុនដែរ។
ការស្នើទាំងពីរលើករបស់លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន រហូតមកដល់ពេលនេះភាគីថៃអនុញ្ញាតឱ្យតែរថយន្ត និងម៉ូតូចេញចូលបានឡើងវិញដូចជម្រាបជូនខាងលើ។ ចំពោះការស្នើឱ្យខាងថៃអនុញ្ញាតចេញកាតជូនពលរដ្ឋក្រុងប៉ោយប៉ែតចេញចូលព្រឹកវិលល្ងាចដូចដើមនៅមិនទាន់បាននៅខាងភាគីថៃអនុញ្ញាតនោះទេ ហើយរឿងកាតនោះ លោកនឹងបន្តជួបជាមួយខាងភាគីថៃធ្វើយ៉ាងណាឱ្យបានឆាប់នៅពេលខាងមុខបន្តទៀត ៕
អត្ថបទ៖ សាវី









