អ៊ុយក្រែន៖ ប្រធានអង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃពុធថា លោកសង្ឃឹមថានឹងវាយតម្លៃយ៉ាងទូលំទូលាយ អំពីស្ថានភាពនៅរោងចក្រថាមពលនុយក្លេអ៊ែរធំបំផុតរបស់អឺរ៉ុប ប៉ុន្តែបានទទួលស្គាល់ថា បេសកកម្មត្រួតពិនិត្យរោងចក្រដែលរុស្សីកាន់កាប់នៅអ៊ុយក្រែន នឹងពុំមែនគ្មានហានិភ័យនោះទេ។

ក្រុមអ្នកជំនាញមកពីទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិត្រូវបានគេរំពឹងថា ចាប់ផ្តើមត្រួតពិនិត្យរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia នៅភាគអាគ្នេយ៍នៃប្រទេសអ៊ុយក្រែនចាប់ពីថ្ងៃព្រហស្បតិ៍នេះ។ អគ្គនាយកទីភ្នាក់ងារ IAEA លោក Rafael Mariano Grossi បានប្រាប់អ្នកសារព័ត៌មានថា ការត្រួតពិនិត្យនឹងចំណាយពេលពីរ ឬបីថ្ងៃ។ លោក Grossi បានចាត់ទុកដំណើរទស្សនកិច្ចនេះថា ជាបេសកកម្មបច្ចេកទេសក្នុងការវាយតម្លៃស្ថានភាពនៅរោងចក្រនុយក្លេអ៊ែរ។ លោកនិយាយថា លោកត្រូវការសម្ភាសន៍បុគ្គលិករោងចក្រ ហើយទីភ្នាក់ងារ IAEA មានគោលបំណងបង្កើតវត្តមានអចិន្ត្រៃយ៍នៅទីនោះ។ តំណាងរបស់រុស្ស៊ីប្រចាំទីភ្នាក់ងារ IAEA លោក Mikhail Ulyanov បាននិយាយថា ទីក្រុងមូស្គូស្វាគមន៍ចំពោះផែនការរបស់ទីភ្នាក់ងារ IAEA។
រោងចក្រដែលរុស្សីចូលកាន់កាប់ប្រឈមនឹងគ្រោះមហន្តរាយ ខណៈការបាញ់ផ្លោងនៅជុំវិញរោងចក្រនេះនៅតែបន្ត ដោយផ្នែកខ្លះត្រូវបានគេរាយការណ៍ថាបានខូចខាត។ ក្រសួងការពារជាតិរុស្ស៊ីនិយាយថា ទាហានអ៊ុយក្រែនបានបាញ់ផ្លោងជុំវិញរោងចក្រកាលពីថ្ងៃអង្គារ និងបានចោទអ៊ុយក្រែនថា បានបន្តបង្កហេតុដើម្បីរារាំងបេសកកម្មរបស់ទីភ្នាក់ងារ IAEA។ ទន្ទឹមនឹងនេះ កងកម្លាំងអ៊ុយក្រែនបានបើកការវាយលុកថ្មីនៅក្នុងទីក្រុង Kherson ដែលកាន់កាប់ដោយរុស្ស៊ីនៅភាគខាងត្បូងនៃប្រទេស។ ក្រសួងការពារជាតិរុស្ស៊ីបានអះអាងកាលពីថ្ងៃពុធថា ការវាយលុកនេះមិនបានជោគជ័យនោះទេ ហើយអ៊ុយក្រែនបានធ្វើឱ្យបាត់បង់ជីវិតបុគ្គលិកយោធាជាង 1,700នាក់៕
អត្ថបទ៖ ប៊ុនថន