ភ្នំពេញ៖ ក្នុងនាមប្រធានអាស៊ាននៅឆ្នាំ២០២២ កម្ពុជាគ្រោង នឹងបញ្ជូនគ្រូពេទ្យស្ម័គ្រចិត្ត ចូលរួមចំណែកដល់ក្របខណ្ឌចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅប្រទេសមីយ៉ាន់ម៉ា ខណៈកាលបរិច្ឆេទ និងចំនួនគ្រូពេទ្យមិនទាន់កំណត់។
មានប្រសាសន៍ប្រាប់BTV នៅថ្ងៃទី១ខែកញ្ញានេះ ឯកឧត្ដម គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងក្នុងនាមប្រធានការិយាល័យប្រេសិតពិសេសរបស់ប្រធានអាស៊ាន បានថ្លែងថា គម្រោងបញ្ជូនគ្រូពេទ្យស្ម័គ្រចិត្តកម្ពុជា ទៅចូលរួមចំណែកដំណើរការចាក់វ៉ាក់សាំងកូវីដ នៅប្រទេសមីយ៉ាន់ម៉ា បច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់ពិភាក្សាបច្ចេកទេសជាមួយដៃគូពាក់ព័ន្ធ និងភាគីមីយ៉ាន់ម៉ា។
ឯកឧត្តម បន្តថា ការត្រៀមគ្រូពេទ្យកម្ពុជា ទៅប្រទេសមីយ៉ាន់ម៉ានេះ ធ្វើឡើងបន្ទាប់ពីមានការឯកភាពគ្នា នៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់ស្ដីពីជំនួយមនុស្សធម៌អាស៊ាន ដែលបានធ្វើឡើងនាពេលកន្លងទៅ។
ដើម្បីរួមចំណែកជួយដោះស្រាយការលំបាករបស់រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា ក្នុងវិបត្តិជំងឺកូវីដ ១៩ កន្លងទៅកម្ពុជាធ្លាប់ផ្តល់អំណោយជាច្រើនរួមមកហើយ ដល់ប្រទេសមីយ៉ាន់ម៉ា។ អំណោយទាំងនោះរួមមាន៖ ម៉ាស់ សំភារៈវេជ្ជសាស្រ្តផ្សេងៗជាច្រើនទៀត និងថវិកាជាដើម៕
អត្ថបទ៖ ទូច សោភ័ណ