ភ្នំពេញ៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត របស់សហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១នេះ បានបន្តសកម្មភាពចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទស៊ីណូវ៉ាក់ ជូនក្រុមអ្នកសារព័ត៌មាន នៅក្រសួងព័ត៌មាន។
តាមរយៈយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលចាប់ផ្ដើមពីថ្ងៃទី០១ ខែមេសានេះ ក្រសួង ព័ត៌មាន បានសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ដំណើរការចាក់វ៉ាក់សាំងបង្ការកូវីដ១៩ជូនក្រុមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ នៅថ្ងៃទី០៥ ខែមេសា នេះ។ នៅថ្ងៃនេះ គឺជាវេនរបស់បុគ្គលិក នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន ក្នុងការទទួលវ៉ាក់សាំង។
បុគ្គលិក នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន ដែលបានទទួលវ៉ាក់សាំង បានលើកឡើងថា វ៉ាក់សាំងនេះ នឹងរួមចំណែកកាត់បន្ថយនូវអត្រាកើនឡើង នៃការឆ្លងរាលដាលពីជំងឺកូវីដ១៩។
លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ ១៩ បានឱ្យដឹងថា រយៈពេល៤ថ្ងៃ នៃយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ប្រភេទស៊ីណូវ៉ាក់ ក្នុងក្របខណ្ឌទូ ទាំងប្រទេសនេះ មានសន្ទុះលឿន ដែលគិតត្រឹមរយៈពេល៤ថ្ងៃ មានមនុស្សប្រមាណ១៤ ម៉ឺននាក់ហើយ ដែលទទួលបានវ៉ាក់សាំង។
តបតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកំណត់ក្រុមគោល ដៅ ដែលត្រូវចាក់វ៉ាក់សាំង សរុបចំនួន៧៤ម៉ឺន៥ពាន់នាក់ ជាប្រភេទវ៉ាក់សាំងស៊ីណូវ៉ាក់ ដោយត្រូវអនុវត្ត ចាប់ពីថ្ងៃទី០១ ខែមេសានេះ។ អ្នកទាំងនោះ ជាក្រុមគ្រូពេទ្យ បុគ្គលិក និងមន្ត្រីសុខាភិបាលជួរមុខ មន្ត្រី រដ្ឋសភា ព្រឹទ្ធសភា អ្នកសារព័ត៌មាន កងកម្លាំង និងមន្ត្រីមូលដ្ឋានគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការស៊ីវិល និង បុគ្គលិកកិច្ចសន្យាទាំងអស់ នៅគ្រប់ក្រសួង ស្ថាប័ន នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមទាំងសាស្ត្រាចារ្យ-គ្រូបង្រៀននៅតាមគ្រឹះស្ថានបណ្តុះបណ្តាលនានាទូទាំងប្រទេស និងនិយោជិតក្នុងវិស័យឯកជនផង។
គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ធ្លាប់បានអំពាវនាវថា ទោះបីជាបុគ្គលម្នាក់ៗបាន ទទួលវ៉ាក់សាំងរួចហើយក្ដី ក៏ត្រូវតែបន្តចូលរួមអនុវត្តវិធានការបង្ការជំងឺកូវីដ-១៩ កាត់បន្ថយផលប៉ះពាល់ លើសេដ្ឋកិច្ច និងសង្គម ដោយបន្តអនុវត្តនូវការអនុវត្តវិធានការ ៣ការពារ និង៣កុំ៕ អត្ថបទ៖ សេក ឧត្តម